អាជ្ញាធរកូឡុំប៊ី អះអាងដោយផ្ទាល់ថា មនុស្សសរុប៧៦នាក់នៅលើយន្តហោះបានស្លាប់ ខណៈ០៥នាក់រងរបួសស្ថិតនៅឯមន្ទីរពេទ្យ
29-11-2016 17:17
(កូឡុំប៊ី)៖ មន្រ្តីប៉ូលិសកូឡុំប៊ីផ្ទាល់បានបញ្ជាក់អះអាងថា មនុស្សដល់ទៅ៧៦នាក់ ក្នុងចំណោមមនុស្សដែល ស្ថិតនៅលើយន្តហោះសរុបចំនួន៨១នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ០៥នាក់រងរបួសធ្ងន់កំពុងស្ថិតនៅឯមន្ទីរពេទ្យក្នុងតំបន់ដើម្បីសង្គ្រោះបន្ទាន់ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមសារព័ត៌មានអន្តរជាតិធំៗបានបន្តចេញផ្សាយ Update ឲ្យដឹងនៅមុននេះបន្តិចថា ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលរបស់កូឡុំប៊ី បានចេញមកបញ្ជាក់ថា នៅលើយន្តហោះដែលធ្លាក់នោះមានមនុស្សទាំង៨១នាក់ ដោយក្នុងនោះមានអ្នកដំណើរ៧២នាក់ និងសហសេវិកចំនួន៩នាក់។
សូមជំរាបថា យន្តហោះខាងលើនេះ បានធ្វើដំណើរពីប្រទេសប្រេស៊ីល សំដៅទៅអាកាសយានដ្ឋាន Medellin នៃប្រទេសកូឡុំប៊ី ដែលនៅលើនោះដឹក ក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេងក្នុងកម្មវិធីប្រកួត Copa Sudamerica វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃពុធ សប្តាហ៍នេះ៕