(ម៉ានីល)៖ កងការពាររបស់លោក រ៉ូឌ្រីហ្គោ ឌូធើតេ ចំនួន០៧នាក់នៃក្រុមការពារសន្តិសុខប្រធានាធិបតីហ្វីលីពីន (PSG) និងនាយទាហានចំនួនពីរនាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ នៅក្នុងការវាយឆ្មក់របស់ក្រុមសកម្មប្រយុទ្ធ នាព្រឹកថ្ងៃអង្គារនេះក្នុងទីក្រុង Marawi នៅមួយថ្ងៃមុនការបំពេញទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតី ឌូធើតេ ទៅកាន់ទីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានប្រកាសនៅថ្ងៃចន្ទម្សិលមិញថា លោកនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅឯទីក្រុង Marawi ក្នុងគោលបំណងចុះ ទៅសួរសុខទុក្ខកងទ័ពនៅទីនោះចំពោះមុខយុទ្ធនាការដ៏ស្វិតស្វាញរបស់រដ្ឋាភិបាល ដែលកំពុងបន្តប្រព្រឹត្តទៅដើម្បីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Maute ដែលបានដណ្តើមកាន់កាប់តំបន់មួយចំនួននៃក្រុង Butig នៃខេត្ត Lanao del Sur កាលពីចុងសប្តាហ៍មុនដោយលោក ឌូធើតេ ត្រូវរំពឹងថាមកធ្វើដំណើរទៅកាន់ទីក្រុង Marawi នៅថ្ងៃពុធ ទី៣០ ស្អែកនេះ។
បើយោងតាមរដ្ឋមន្រ្តីការពារជាតិ ហ្វីលីពីនលោក Delfin Lorenzana គេពុំទាន់ដឹងច្បាស់នៅឡើយទេថា ការឆ្មក់វាយប្រហារខាងលើត្រូវបានធ្វើឡើងសំដៅលើ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូធើតេ ឬយ៉ាងណានោះ ដោយហេតុថា ក្រុមសកម្មប្រយុទ្ធ Maute ប្រហែលជាអាចភ័ន្តច្រឡំក្រុមការពារប្រធានាធិបតី ជាមួយនឹងកងកម្លាំងជំនួយរបស់រដ្ឋាភិបាល នៅក្នុងយុទ្ធនាការយោធាប្រឆាំងនឹងក្រុមដែលគាំទ្រពួករដ្ឋអ៊ីស្លាម ISIS នេះ៕