(ស៊ីដនី)៖ ទូកនេសាទវៀតណាមចំនួនបីគ្រឿង ត្រូវឃាត់ទុកដោយអាជ្ញាធរអូស្រ្តាលី ក្រោយពីបានធ្វើការនេសាទខុសច្បាប់នៅក្បែរ តំបន់ឆ្នេរភាគឦសាន នៃប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
អាជ្ញាធរប្រទេសអូស្រ្តាលីនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ពួកគេចាប់បានសញ្ញាពីទូកនេសាទខុសច្បាប់របស់ប្រទេសវៀតណាមទាំងបីគ្រឿង នៅក្បែរឆ្នេរសមុទ្រនៃទីក្រុង Gladstone ក្នុងរដ្ឋ Queenland កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ហើយទូកនេសាទទាំងនោះ ជាមួយនិងមនុស្សចំនួន១៣នាក់ ទីបំផុតត្រូវបានឆ្មាំសមុទ្រអូស្ត្រាលីចាប់ឃាត់ទុក នៅថ្ងៃទី១៩ ខែវិច្ឆិកា បន្ទាប់ពីបានធ្វើការនេសាទសត្វសមុទ្រដោយខុសច្បាប់បានចំនួនជាង ៣តោន។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ Peter Laver មេបញ្ជាការកងការពារព្រំដែនសមុទ្រនៃប្រទេសអូស្រ្តាលី (ABF) បានថ្លែងថា «ការនេសាទខុសច្បាប់បានគំរាមកំហែង ជាខ្លាំង មកលើស្ថិរភាពនៃបរិស្ថានជុំវិញផ្ទៃសមុទ្រដ៏ល្អប្លែករបស់យើង ហើយពួកយើងបានប្តេជ្ញាថានឹងនៅតែបន្តសហការជាមួយដៃគូជានិច្ច ដើម្បីការពារ ធនធានសមុទ្រ ដ៏មានតម្លៃរបស់ប្រទេសអូស្រ្តាលី»។ សម្រាប់ទូកនេសាទវៀតណាម និងអ្នកនេសាទ នឹងត្រូវចាត់ការទៅតាមនីតិវិធីច្បាប់ របស់អូស្ត្រាលី៕