(រ៉ង់ហ្គូន)៖ គ្រាប់បែកចំនួនបួនគ្រាប់ដែលជាប្រភេទកែច្នៃ ត្រូវបានកងកម្លាំងសន្តិសុខ រកឃើញនៅក្នុងច្រកចូលទី១ នៃព្រលានយន្តហោះអន្តរជាតិទីក្រុងរ៉ង់ហ្គូន នៃសហភាពមីយ៉ាន់ម៉ា ដែលជាសំណាងល្អណាស់វាត្រូវបានរកឃើញមុនការផ្ទុះ ហើយក៏ត្រូវបានដោះចេញដោយសុវត្ថិភាពផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
គ្រាប់បែកកែច្នៃក្នុងស្រុកទាំងបួនគ្រាប់ខាងលើ ត្រូវបានច្រកក្នុងថង់ប្លាស្ទិកពណ៌បៃតងមួនៅលើតុក្បែរកន្លែងលក់សំបុត្រយន្តហោះនៃច្រកផ្លូវចេញ-ចូលលេខ១ ហើយមកដល់ពេលនេះអាកាសយានដ្ឋានអន្តរជាតិទីក្រុងរ៉ង់ហ្គូន ដែលធំជាងគេបំផុតនៅក្នុងប្រទេសមីយ៉ានម៉ា បានដំណើរការធម្មតាវិញហើយ ខណៈមន្រ្តីជំនាញកំពុងបើកការស៊ើបអង្កេតទៅលើករណីនេះ។
គួរបញ្ជាក់ដែរ ប្រទេសមីយ៉ាន់សព្វថ្ងៃនេះ កំពុងតែប្រឈមនឹងការវាយប្រហារដោយពួកសកម្មប្រយុទ្ធ នៅតាមតំបន់ព្រំដែនភាគខាងជើងជាប់នឹងប្រទេសចិន ហើយនៅក្នុងរដ្ឋធានីរ៉ង់ហ្គូននាពេលថ្មីៗនេះក៏ធ្លាប់បានទទួលរងការបំផ្ទុះគ្រាប់បែកជាច្រើនលើកមកហើយផងដែរ៕