(កូឡុំប៊ី)៖ យោងតាមសារព័ត៌មានអន្តរជាតិធំៗបានបន្តចេញផ្សាយ Update ឲ្យដឹងនៅមុននេះបន្តិចថា ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល របស់កូឡុំប៊ី បានចេញមកបញ្ជាក់ថា នៅលើយន្តហោះដែលធ្លាក់នោះមានមនុស្សទាំង៨១នាក់ ដោយក្នុងនោះមានអ្នកដំណើរ៧២នាក់ និងសហសេវិកចំនួន៩នាក់។
អាជ្ញាធរកូឡុំប៊ីអះអាងថា យន្តហោះដឹកក្រុមកីឡាករប្រេស៊ីល បានធ្លាក់នៅក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយ Update ឲ្យដឹងមុននេះបន្តិច។
យន្តហោះដឹកក្រុមកីឡាករបាល់ទាត់ប្រេស៊ីល ដែលបានបាត់ដំណឹងក្នុង ដែនអាកាសកូឡុំប៊ីនោះ ត្រូវបានអាជ្ញាធរកូឡុំប៊ីបញ្ជាក់ថា បានធ្លាក់បាត់ទៅហើយ ប៉ុន្តែសម្រាប់ជោគវាសនាអ្នកជិះនៅលើនោះទាំង ៧២នាក់ នៅមិនទាន់មានការបញ្ជាក់ឡើយ។ នេះបើតាមសារព័ត៌មាន AP ដែលបានចេញផ្សាយនៅក្នុងថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
យន្តហោះខាងលើនេះ បានធ្វើដំណើរពីប្រទេសប្រេស៊ីលសំដៅទៅ អាកាសយានដ្ឋាន Medellin នៃប្រទេសកូឡុំប៊ី ដែលនៅលើនោះដឹកក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេងក្នុងកម្មវិធីប្រកួត Copa Sudamerica វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃពុធ សប្តាហ៍នេះ។
ខណៈពេលនេះក្រុមសង្គ្រោះកូឡុំប៊ី កំពុងតែត្រូវបានគេបញ្ជូនទៅកន្លែងកើតហេតុ ដែលមិនទាន់មានការបញ្ជាក់ថា នៅទីតាំងណាឲ្យប្រាកដនោះឡើយ ដោយសារហេតុការណ៍បានកើតមានឡើងបន្ទាន់ពេក៕