(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដែលកំពុងធ្វើសេចក្ដីថ្លែងការណ៍ដ៏កម្របំផុតមួយដល់ប្រជាជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះថា «នឹងមិនលាលែងពីតំណែងប្រធានាធិបតី» នោះឡើយ ប៉ុន្តែអាចចែករំលែកអំណាចខ្លះ ខណៈចលនាទាមទារឱ្យលោកស្រី ចុះចេញពីមុខតំណែងកំពុងរីលរាលដាលកាន់តែធំ ដោយសារតែរឿងអាស្រូវពុករលួយនយោបាយជាប់ពាក់ព័ន្ធនឹងស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល។ នេះបើតាមមន្ត្រីខុទ្ទកាល័យប្រធានាធិបតី ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
ព្រមពេលជាមួយគ្នានេះមន្ត្រីខាងលើដដែល បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា សេចក្ដីថ្លែងការណ៍ដែលកំពុងប្រព្រឹត្តទៅនៅឡើយនោះ លោកស្រី ផាក មិនបាននិយាយពីរឿងប្រកាសលាលែងពីមុខតំណែងរបស់លោកស្រីនោះឡើយ ខណៈលោកស្រីត្រូវបានគេរំពឹងថានឹងបោះបង់ចោលអំណាចមួយចំនួន ដើម្បីឲ្យគ្រប់គ្នាទទួលយកបាន។ បន្ថែមពីនេះទៀត លោកស្រី សុខចិត្តទុកអំណាចឲ្យសភាទាំងមូល សម្រេចជោគវាសនាលោកស្រីទៅចុះ។
គួរបញ្ជាក់ថាចាប់តាំងពីរឿងអាស្រូវជាមួយមនុស្សជំនិតឈ្មោះ ឆយ ស៊ូលស៊ីល ផ្ទុះឡើង លោកស្រី ផាក បានធ្វើការសូមអភ័យទោសជាសាធារណចំនួនពីរ លើករួចមកហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនកូរ៉េខាងត្បូងកាន់តែច្រើនឡើង នៅតែនំាគ្នាដើរតាមផ្លូវធ្វើបាតុកម្មតវ៉ាទាមទារឱ្យលោកស្រីចុះចេញពីតំណែង ដែលចំនួនអ្នកតវ៉ាបានកើនឡើងរហូតដល់រាប់លាននាក់៕