(កូឡុំប៊ី)៖ អាជ្ញាធរកូឡុំប៊ីអះអាងថា យន្តហោះដឹកក្រុមកីឡាករប្រេស៊ីល បានធ្លាក់នៅក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយ Update ឲ្យដឹងមុននេះបន្តិច។
យន្តហោះដឹកក្រុមកីឡាករបាល់ទាត់ប្រេស៊ីល ដែលបានបាត់ដំណឹងក្នុង ដែនអាកាសកូឡុំប៊ីនោះ ត្រូវបានអាជ្ញាធរកូឡុំប៊ីបញ្ជាក់ថា បានធ្លាក់បាត់ទៅហើយ ប៉ុន្តែសម្រាប់ជោគវាសនាអ្នកជិះនៅលើនោះជាង៨០នាក់ នៅមិនទាន់មានការបញ្ជាក់ឡើយ (អ្នកដំណើរ៧២នាក់ និងសហសេវិក៩នាក់) ។ នេះបើតាមសារព័ត៌មាន AP ដែលបានចេញផ្សាយនៅក្នុងថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
យន្តហោះខាងលើនេះ បានធ្វើដំណើរពីប្រទេសប្រេស៊ីលសំដៅទៅ អាកាសយានដ្ឋាន Medellin នៃប្រទេសកូឡុំប៊ី ដែលនៅលើនោះដឹកក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេងក្នុងកម្មវិធីប្រកួត Copa Sudamericana វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃពុធ សប្តាហ៍នេះ។
ខណៈពេលនេះក្រុមសង្គ្រោះកូឡុំប៊ី កំពុងតែត្រូវបានគេបញ្ជូនទៅកន្លែងកើតហេតុ ដែលមិនទាន់មានការបញ្ជាក់ថា នៅទីតាំងណាឲ្យប្រាកដនោះឡើយ ដោយសារហេតុការណ៍បានកើតមានឡើងបន្ទាន់ពេក៕