(បាងកក)៖ ខណៈពេលនេះរដ្ឋសភាថៃ បានចាប់ផ្តើមដំណើរការតាមនីតិវិធី ដើម្បីសម្រេចធ្វើការយាងព្រះអង្គម្ចាស់ មហាវ៉ាចរ៉ាឡុងកន ឲ្យមកប្រទេសថៃវិញ ដើម្បីឡើងគ្រងរាជ្យសម្បត្តិជាព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រថៃហើយ ក្រោយការចូលទិវង្គតរបស់បិតាទ្រង់ គឺព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត កាលពីថ្ងៃទី១៣ ខែតុលា។ នេះបើតាមការចេញផ្សាយដោយ Associated Press នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
គណៈរដ្ឋមន្រ្តីបានដាក់បញ្ជូនព្រះនាមរបស់ព្រះអង្គម្ចាស់ វ៉ាចរ៉ាឡុងកន ទៅកាន់រដ្ឋសភាជាតិហើយនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានជំនុំគ្នាអស់មួយរយៈពេលខ្លីមក ហើយប្រធានរដ្ឋសភាជាតិថៃ លោក Pornpetch Wichitcholchai បានប្រកាសថា ព្រះអង្គម្ចាស់ វ៉ាចរ៉ាឡុងកន ដែលត្រូវបានតែងតាំដោយព្រះបិតាជាព្រះរាជទាយាទនោះ ឥឡូវនេះនឹងត្រូវយាងឲ្យមកឡើងគ្រងរាជ្យសម្បត្តិ ប៉ុន្តែដោយសារតែទ្រង់កំពុងស្ថិតនៅប្រទេសអាល្លឺម៉ង់នៅឡើយ ពិធីនៃការឡើងសោយរាជ្យមិនទាន់ត្រូវបានបញ្ជាក់ថា នៅពេលណាឲ្យប្រាកដនោះទេ។
ការប្រកាសយាងព្រះអង្គម្ចាស់ វ៉ាចរ៉ាឡុងកន ភ្លាមៗនៅថ្ងៃអង្គារនេះ នឹងធ្វើឲ្យប្រជាជាតិថៃទាំងមូលមានការព្រួយបារម្ភថា ព្រះមហាក្សត្រថ្មីនេះ នឹងមិនអាចឡើង គ្រងរាជ្យសម្បត្តិ ទាន់កាលកំណត់នៅថ្ងៃទី០១ ខែធ្នូ ខាងមុខនេះឡើយ ខណៈដែលព្រះអង្គម្ចាស់ពេលនេះកំពុងស្ថិតនៅ ក្នុងប្រទេសអាល្លឺម៉ង់នៅឡើយ។
សូមជំរាប កាលពីខែមុនលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃធ្លាប់បានលើកឡើងថា ព្រះអង្គម្ចាស់ មហាវ៉ាចរ៉ាឡុងកន បានស្នើមកកាន់លោកឲ្យពន្យាពេលនៃការឡើងស្នងរាជ្យសម្បត្តិ ដោយសារកំពុងស្ថិតនៅក្នុងអំឡុងពេលកាន់ទុក្ខ។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន មិនដែលថ្លែងសារអ្វីឡើយជាសាធារណៈចាប់តាំងពីព្រះបិតារបស់ព្រះអង្គសោយព្រះទិវង្គតនោះ ដោយគំរោងការណ៍ និងកិច្ចការជាតិនានាជាបន្ទុករបស់រដ្ឋាភិបាល ដែលគ្រប់គ្រងទាំងស្រុង ដោយនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា។ ទោះបីជាបែបនេះក្តីព្រះអង្គម្ចាស់ធ្លាប់បានផ្តល់ព័ត៌មានមកថា ព្រះអង្គនឹងយាងត្រឡប់មកពីអាល្លឺម៉ង់វិញនៅចុងសប្តាហ៍នេះ ហើយបើពិតមែននោះ វានឹងហួសថ្ងៃទី០១ ខែធ្នូ ជាថ្ងៃកំណត់នៃ ការឡើងស្នងរាជ្យនោះហើយ។
បន្ថែមពីនេះសមាជិករដ្ឋសភាថៃមួយរូប បានថ្លែងប្រាប់ Reuters ដោយសុំមិនបញ្ចេញឈ្មោះថា «ថ្ងៃនេះយើងកំពុងតែរង់ចាំរដ្ឋាភិបាល បញ្ជូនលិខិតទៅកាន់រដ្ឋសភា។ យើងរំពឹងថា វានឹងសម្រេចបានតាមពេលកំណត់ទៅចុះ»។ ការបញ្ជូននេះ គឺដើម្បីទទួលបានការអនុញ្ញាតពីរដ្ឋសភា ទើបធ្វើការយាងព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន ត្រឡប់មកប្រទេសថៃវិញជាផ្លូវការ៕