(ម៉ូស្គូ)៖ ការប្រកួតបាល់ទាត់ប្រជុំជើងខ្លាំងប្រចាំទ្វីបនីមួយៗ FIFA Confederations Cup នឹងធ្វើឡើងនៅឆ្នាំ២០១៧ ខាងមុខនេះ ដោយមានប្រទេសរុស្ស៊ីធ្វើម្ចាស់ផ្ទះ ដែលជាពាន១ ត្រូវប្រារព្ធធ្វើឡើង ដើម្បីសម្ពោធព្រឹត្តិការណ៍បាល់ទាត់ ពិភពលោក World Cup 2018។
យោងតាមសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័រ FIFA បានបញ្ជាក់ថា ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងដូច World Cup ដែរនោះ នឹងចាប់ផ្តើមប្រកួតផ្លូវការនៅថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ដោយមាន ៨ក្រុមចូលរួមដែលជាជើងឯប្រចាំទ្វីបនីមួយៗចូលរួមចែកចេញជា ២ពូល ដោយក្នុង១ពូលមាន ៤ក្រុម ធ្វើឡើងនៅ ៤ទីតាំងផ្សេងគ្នានៃប្រទេសរុស្ស៊ីគឺនៅទីក្រុង Saint Petersburg, Moscow, Kazan និងទីក្រុង Sochi។
សូមបញ្ជាក់ផងដែរថា ការចាប់ពូលត្រូវបានធ្វើឡើងរួចរាល់ហើយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានម្ចាស់ ផ្ទះរុស្ស៊ី ស្ថិតក្នុងពូល A ជាមួយក្រុមជើងឯកមកពីទ្វីបអូសេអានី (OFC) ញូវហ្សេឡេន, ជើងឯកមកពីទ្វីបអឺរ៉ុប (UEFA) ព័រទុយហ្គាល់ និងជើងឯកមកពីតំបន់អាមេរិកខាងជើង (CONCACAF) ម៉ិចស៊ិក។
សម្រាប់ឯពូល B វិញ មានក្រុមជម្រើសជាតិឈីលី (Chile) ជើងឯកប្រចាំតំបន់អាមេរិកខាងត្បូង (CONMEBOL), ជើងឯកប្រចាំទ្វីបអាស៊ី (AFC) អូស្រ្តាលី និងម្ចាស់ពាន World Cup 2014 អាល្លឺម៉ង់ និង១ក្រុមទៀត ជើងឯកប្រចាំទ្វីប អាហ្វ្រិក (CAF) ដែលមិនទាន់បញ្ចប់ការប្រកួតនៅឡើយ។
សូមរំលឹកថា ប្រេស៊ីល ម្ចាស់ជើងឯក FIFA Confederations Cup 2013 កាលពីយកឈ្នះអេស្ប៉ាញ ៧-៦ ដោយបាល់ប៉េណាល់ទីកាត់សេចក្តីនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងទឹកដីរបស់ខ្លួននោះ ពុំមានឡើងមកឡើយ ដោយឈីលីមកជំនួសវិញ ដោយសារតែឈីលី ជាម្ចាស់ជើងឯកប្រចាំតំបន់ CONMEBOL បន្ទាប់ពីឈ្នះពាន Copa America 2015 ក្នុងទឹកដីរបស់ខ្លួន ក្រោយយកឈ្នះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ៕