(មូស្គូ)៖ នាវាចម្បាំងមួយគ្រឿងរបស់ប្រទេសអ៊ីរ៉ង់ បានតំរង់អាវុធសំដៅទៅកាន់ឧទ្ធម្ភាគចក្ររបស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក អំឡុងពេល នៃការប្រឈមមុខដាក់គ្នាមួយ នៅលើច្រកសមុទ្រអន្តរជាតិ Starit of Hormuz ដែលទង្វើនេះត្រូវបានក្រសួងការពារជាតិអាមេរិកចាត់ទុកថា «គ្មានសុវត្ថិភាព និងគ្មានជំនាញការ»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិច​នាព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

ហេតុការណ៍ខាងកើតបានកើតឡើងខណៈពេលឧទ្ធម្ភាគចក្រប្រភេទ SH-60 របស់កងទ័ពជើងទឹកអាមេរិក ដែលកំពុងហោះហើរនៅលើដែនសមុទ្រអន្តរជាតិ ហើយត្រូវគេរាយការណ៍ថាស្ថិតចម្ងាយប្រមាណ ៨០០ម៉ែត្រពីនាវាចម្បាំងចំនួនពីរគ្រឿងរបស់ប្រទេសអ៊ីរ៉ង់ និងដោយសារតែគេគិតថាឧទ្ធម្ភាគចក្រនោះនៅ​កៀក​នឹងខ្លួនពេក ទើបនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងបានតំរង់កាំភ្លើងធំសំដៅទៅកាន់ឧទ្ធម្ភាគចក្រ
អាមេរិកតែម្តងទៅដើម្បីការពារសុវត្ថិភាព។

គួរបញ្ជាក់ដែរថាវាជាសំណាងល្អដែលភាគីនៅលើឧទ្ធម្ភាគចក្រអាមេរិក មិនយល់ថាពួកគេស្ថិតក្រោមការ​គំរាមកំហែងទោះបីជាបានក្លាយជាគោលដៅ នៃការវវាយប្រហារក៏ដោយ បើមិនដូច្នោះទេពួកគេអាចនឹង​ធ្វើការតបតទៅវិញដែលអាចឈានដល់ការប៉ះទង្គិចគ្នា និងបង្កឲ្យមានអ្នករងគ្រោះជាក់ជាមិនខានឡើយ ដោយហេតុតែទង្វើរបស់នាវាអ៊ីរ៉ង់មួយគ្រឿងនោះ ពិតជាគ្រោះថ្នាក់មែនទែន៕