(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកថ្មី របស់លោក ដូណាល់ ត្រាំ គួរតែដាក់ទណ្ឌកម្មលើបណ្ដាសហគ្រាស ឬ ក្រុមហ៊ុនចិនក៏ដូចជាធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិនតែម្ដង ដើម្បីបង្ខំឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បញ្ឈប់ការគាំទ្រដល់កូរ៉េខាងជើង។ នេះបើតាមអ្នកជំនាញអាមេរិកវិភាគស្តីពីបញ្ហាសន្តិសុខអាស៊ីខាងកើត លោក Gordon Chang ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Gordon Chang នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Forbes បាននិយាយថា « ការដោះស្រាយ ដោយផ្ទាល់ជាមួយកូរ៉េខាងជើង ទំនងជាមិនអាចទៅរួចឡើយ ហើយយើងចង់ទាញចិនឱ្យមកនៅខាងយើង ក៏មិនអាចទៅរួចដែរ។ ក៏ប៉ុន្តែបើសិនជាយើងចាត់ទុកថា ចិនជាផ្នែកមួយនៃបញ្ហានោះយើងអាចចាប់ផ្ដើម បង្កើតដំណោះស្រាយ ដូចជាការដាក់ទណ្ឌកម្មប្រឆាំងនឹងបណ្ដាសហគ្រាស ឬក្រុមហ៊ុនចិន និងអាចធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិនតែម្ដងត្បិតប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងបញ្ឈប់ការគាំទ្រដល់កូរ៉េខាងជើង ល្គឹកណាការធ្វើបែបនេះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ចិន»។
គួរបញ្ជាក់ថានៅថ្ងៃពុធស្អែកនេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គ្រោងនឹងអនុម័តលើដំណោះស្រាយដាក់ទណ្ឌកម្មថ្មីមួយ ប្រឆំាងនឹងកូរ៉េខាងជើង។ ប៉ុន្តែបើតាមក្រុមអ្នកជំនាញមួយចំនួនដូចជា លោក Gordon Chang ចិនអាចនឹងប្រើសិទ្ធិវ៉េតូ (ជំទាស់) ហើយបើទោះបីជាចិនយល់ព្រមក៏ដោយក៏ការដាក់ទណ្ឌកម្មរបស់ចិន មិនមានភាពស្មោះត្រង់ ឬចេញពីឆន្ទៈពិតប្រាកដនោះដែរ ពោលគឺវាគ្រាន់តែជាការបង្រ្គប់កិច្ចតែប៉ុណ្ណោះ ព្រោះថាទីក្រុងប៉េកាំងនៅតែចង់ទុកផ្លូវរស់ឱ្យរបបលោក គីម ជុងអ៊ុន ដើម្បីប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់តាមរយៈកូរ៉េខាងត្បូង និងជប៉ុន៕