(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានរកឃើញការឆ្លងវីរុស Zika មួយករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងប្រទេស កើនឡើងដល់១៦ករណី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រភពដដែលបានបញ្ជាក់ដែរថា អ្នកជំងឺវីរុស Zika ជាបុរសជនជាតិកូរ៉េខាងត្បូងវ័យ ៤៦ឆ្នាំម្នាក់រស់នៅក្នុង ប្រទេសវៀតណាម ហើយបានធ្វើដំណើរវិសម្សកាលមកកាន់ទីក្រុងសេអ៊ូល នាពេលថ្មីនេះនិងក្រោយមកត្រូវ បានគេធ្វើរោគវិនិច្ឆ័យរកឃើញថាបានឆ្លងវីរុស Zika។ បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បុរសរូបនេះទទួលបានការព្យាបាល ព្រមទាំងបានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេវៀតណាមវិញ ហើយជាទីដែលគាត់បានរស់នៅចាប់តាំងពីឆ្នាំ២០១២ មក។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានអះអាងពីករណីឆ្លងវីរុស Zika ជាលើកដំបូងកាលពីខែមីនា ឆ្នាំ២០១៦នេះ ខណៈប្រទេសវៀតណាមការឆ្លង់វីរុស Zika សរុបជិត ១០០ករណីហើយ៕