(មូស្គូ)៖ រឿងរ៉ាវមួយចំនួនអាចមានឥទ្ធិពលខ្លាំង ដោយសូម្បីតែមេដឹកនាំពិភពលោកក៏កើតក្តីព្រួយកង្វល់បាន ជាក់ស្តែងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក៏មិនខុសគ្នាប៉ុន្មាននោះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
តាំងតែពីបានក្លាយជាប្រធានាធិបតីនៃប្រទេសរុស្ស៊ីមក លោក វ៉្លាឌីមៀ ពូទីន បានកសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីរន្ទឺនៅជុំវិញពិភពលោក និងត្រូវបានគេស្គាល់ថាជាអ្នកនយោបាយដែលស្ងៀមស្ងាត់និងមិនឆេវឆាវមួយរូប ទោះបីជាស្ថិតនៅក្នុងស្ថានភាពហ្វឹកហ្វរយ៉ាងណាក៏ដោយ ប៉ុន្តែមានរឿងរ៉ាវក៏ដូចជាបញ្ហាមួយចំនួននៅលើលោកនេះដែលអាចបណ្តាលឲ្យមេដឹកនាំដ៏នឹងធឹងម្នាក់នេះ កើតក្តីមិនសប្បាយចិត្តបានផងដែរ។
១៖ ក្រុមភេរវករនៅប្រទេសស៊ីរី៖ ប្រជាជាតិតំបន់មជ្ឈិមបូព៌ាដែលហែកហួរដោយសង្រ្គាមមួយនេះ បច្ចុប្បន្នកំពុងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែពីសំណាក់ពួក ISIS នោះឡើយ ប៉ុន្តែពីសំណាក់ក្រុមភេរវករ និងពួកសកម្មប្រយុទ្ធមួយចំនួនទៀតផងដែរ ហើយអ្វីដែលសំខាន់នោះពួកភេរវករខាងលើដែលប្រទេសរុស្ស៊ីកំពុងបោសសម្អាតនោះ បានព្យាយាមលាយបន្លំចូលគ្នាជាមួយពួកក្រុមប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី។
២៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ចន ឃើរី៖ នៅពេលដែលលោក ចន ឃើរី បាននិយាយថា «ពួកក្រុមភេរវករ អាល់កៃដា គ្មានវត្តមាននៅក្នុងប្រទេសស៊ីរី» នោះ លោក វ៉្លាឌីមៀ ពូទីន បានបញ្ចេញប្រតិកម្មទៅលើរឿងនេះថា លោកមិនសប្បាយចិត្តនោះឡើយព្រោះលោក ចន ឃើរី បាននិយាយភូតកុហកទាំងស្រុង ពីអ្វីដែលបានកើតមានឡើងពិតប្រាកដ។
៣៖ កង្វះចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្ត៖ សព្វថ្ងៃយុវជន និងយុវតីជាច្រើននៅលើពិភពលោក ហាក់ដូចជាពុំសូវខ្វាយខ្វល់ពីព្រឹត្តិការណ៍ ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន និងអ្វីដែលបានកន្លងផុតទៅកាលពីអតីតកាលឡើយ ហើយប្រការនេះក៏មិនអាចរំលងផុត ពីការចាប់អារម្មណ៍របស់ប្រធានាធិបតីរុស្ស៊ីរូបនេះផងដែរដោយលោក វ៉ា្លឌីមៀ ពូទីន បានថ្លែងថា «វាគួរឲ្យរំខាន និងសោកស្តាយមែនទែនដែលក្មេងៗជំនាន់ក្រោយបច្ចុប្បន្ននេះ មិនដឹងថាគួរយកគំរូតាមនរណា, មើលមិនឃើញនិមិត្តរូបណាម្នាក់, ហើយថែមទាំងមិនដឹងថាសង្រ្គាមលោកលើកទីពីរ ធ្លាប់បានកើតឡើងថែមទៀតផង»។
៤៖ ការចាប់ខ្លួនអតីតរដ្ឋមន្រ្តីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីលោក Alexei Ulyukayev៖ នៅពេលដែលលោក Alexei Ulyukayev ត្រូវបានចាប់ខ្លួនពីបទទទួលសំណូកនោះ លោក ពូទីន មានក្តីកង្វល់និងខកចិត្តជាខ្លាំង ប៉ុន្តែលោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានអះអាងថា «ទោះជាយ៉ាងនោះក្តីក៏យើងមិនអាចអត់ឱនឲ្យបានឡើយចំពោះអំពើពុករលួយបែបនេះ»។
៥៖ ភាពខ្សត់ខ្សោយនូវវត្តមាននៃរោងភាពយន្តនៅតាមភូមិ និងក្រុងតូចៗក្នុងប្រទេសរុស្ស៊ី៖ លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បាននិយាយថា «ជាក់ស្តែងរោងភាពយន្តនៅតាមទីប្រជុំជនតូចៗ គឺគេលែងឃើញមានទៀតហើយ ដោយបញ្ហានេះវាគួរឲ្យព្រួយបារម្ភបំផុត ដូច្នេះហើយពួកយើងទាំងអស់គ្នារួមមានរដ្ឋាភិបាលនិងអាជ្ញាធរប្រចាំតំបន់ មានកិច្ចការងារធ្វើជាច្រើនទៀត ដើម្បីស្តារបណ្តាញភាពយន្តឡើងវិញនៅតាមតំបន់ទាំងនេះ៕