(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានចាប់ផ្ដើមពិធីកាន់ទុក្ខរយៈពេលបីថ្ងៃជាកិច្ចគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីគុយបា លោក ហ្វីឌែល កាស្ត្រូ ដែលបានទទួលមរណៈភាពក្នុងវ័យ ៩០ឆ្នាំកាលពីថ្ងៃសុក្រ កន្លងទៅនេះ (ម៉ោងនៅទីក្រុងឡាហាវ៉ាន់)។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋទីក្រុងព្យុងយ៉ាងដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun ការសម្រេចចិត្តរៀបចំពិធីកាន់ទុក្ខនេះ ធ្វើឡើង ដោយរដ្ឋាភិបាលនិងសភាកំពូលនៃប្រទេសកូរ៉េខាងជើង តាមរយៈការបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលដង ដើម្បីគោរពដល់វិញ្ញាណក្ខន្ធ លោក កាស្ត្រូ ដែលត្រូវបាន លោក គីម ជុងអ៊ុន ផ្ទាល់ចាត់ទុកថាជាមហាមិត្ត របស់កូរ៉េខាងជើងដែលបានពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រជាជាតិទំាងពីរកន្លងមក។
គួររំលឹកថា លោក កាស្រ្ដូ បានដឹកនាំប្រទេសគុយបា អស់រយៈពេលជាង ៥០ឆ្នាំមុននឹងលោកផ្ទេរតំណែង ទៅឱ្យប្អូនប្រុសរបស់លោក គឺលោក រ៉ូល កាស្ត្រូ នៅឆ្នាំ២០០៨ ក្រោមហេតុផលសុខភាព។ បណ្តាមេដឹកនាំប្រទេសធំៗនៅលើលោកដូចជា អាមេរិក រុស្ស៊ី និងចិនជាដើម សុទ្ធតែបានថ្លែងសារសម្តែងនូវសមានទុក្ខ ប៉ុន្តែមានតែកូរ៉េខាងជើងប៉ុណ្ណោះ ដែលបានសម្តែងនូវសមានទុក្ខផង និងបានប្រកាសកាន់ទុក្ខបីថ្ងៃទៀត៕