(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងកំពុងតែព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីដែលអាចបាញ់កម្ទេចយន្តហោះដ្រូន (Drone) ស៊ើបការណ៍របស់ប្រទេសកូរ៉េខាងជើង ហើយបច្ចេកវិទ្យាថ្មីនោះមានឈ្មោះថា Electromagnetic Pules (EMP)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
មន្ត្រីយោធាកូរ៉េខាងត្បូងបានឲ្យដឹងទៀតថា ទីភ្នាក់ងារអភិវឌ្ឍន៍វិស័យការពារជាតិ (ADD) បាននិងកំពុងធ្វើការអភិវឌ្ឍបច្ចេកវិទ្យាប្រតិបត្តិការលំដាប់ខ្ពស់ និងចំគោលដៅ (EMP) ដែលអាចឲ្យគេធ្វើការចាប់សញ្ញា និងបាញ់ទម្លាក់យន្តហោះស៊ើបការណ៍ប្រភេទតូច (UAVs) របស់កូរ៉េខាងជើងឲ្យចំគោលដៅតែម្តង។
គួរបញ្ជាក់ថាគំរោងបច្ចេកវិទ្យា EMP របស់កូរ៉េខាងត្បូងត្រួវបានបង្កើតឡើងបន្ទាប់ពីមានការភ័យព្រួយអំពីគ្រាប់បែកនុយក្លេអ៊ែរ (របស់កូរ៉េខាងជើង) ដែលអាចត្រូវបានគេ បញ្ជូនតាមយន្តហោះដ្រូនទៅបំផ្ទុះនៅលើអាកាស ដែលមានសមត្ថភាពបំផ្លាញប្រព័ន្ធទូរគមនាគមន៍ ហើយនឹងធ្វើឲ្យគ្រឿងអេឡិចត្រូនិកនៅកូរ៉េខាងត្បូងទាំងអស់ អាក់ដំណើរការ ដោយការកាត់ផ្តាច់ពីប្រព័ន្ធផ្ទុកទិន្នន័យរបស់សកលលោក។
ទីភ្នាក់ងារ ADD កំពុងតែសិក្សាអំពីសមត្ថភាពរបស់យន្តហោះដ្រូនផលិតដោយកូរ៉េខាងជើង ហើយប្រសិនបើគេរកឃើញចំណុចខ្សោយពេលណានោះ សន្និសីទសារព័ត៌មានមួយនឹងត្រូវរៀបចំឡើង។ ADD បន្ថែមទៀតនឹងធ្វើការសិក្សាអំពីរបៀបនៃការចាប់សញ្ញា និងចាប់យកយន្តហោះដ្រូនរបស់កូរ៉េខាងជើងទុកផងដែរប្រសិនបើអាចទៅរួច ឬមួយប្រសិនវាគ្រោះថ្នាក់ខ្លាំងនោះ គេនឹងផលិតគ្រាប់រ៉ុក្កែតខ្នាតតូច ដែលអាចកំណត់ទិសដៅបាញ់ទម្លាក់យន្តហោះដ្រូននោះ ដោយស្វ័យប្រវត្តិតែម្តង៕