(ប៉េកាំង)៖ ប៉ូលិសចិននៅថ្ងៃចន្ទនេះបានឱ្យដឹងថា មនុស្ស០៩នាក់ត្រូវបានឃុំខ្លួន ហើយអ្នកទាំងនេះអាចនឹង ប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់រលំប៉មបញ្ចុះស៊ីតុណ្ហភាពក្នុងរោងចក្រផលិតថាមពលអគ្គិសនីមួយ ដែលបានបណ្ដាលឱ្យមនុស្ស ៧៤នាក់ស្លាប់ និងពីរនាក់រងរបួស នៅខេត្តជាំងស៊ី ភាគខាងកើតប្រទេសចិន កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រភពដែលបានឱ្យដឹងទៀតថា ប៉មបញ្ចុះសីតុណ្ហភាពដែលបានបាក់រលំនោះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Jiangxi Ganneng Co. Ltd ដែលបានផ្ដល់សិទ្ធិសាងសង់ឱ្យ ក្រុមហ៊ុន Hebei Yineng Tower Engineering Co. Ltd., ហើយដោយឡែកនៅក្នុងចំណោមមនុស្ស ០៩នាក់ខាងលើដែលត្រូវបានឃុំខ្លួន នោះរួមមានប្រធានក្រុមហ៊ុន Hebei Yineng និងនាយកវិស្វករទទួលបន្ទុកគំរោងសាងសង់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញមូលហេតុជាក់លាក់នៃគ្រោះថ្នាក់នេះ ពុំទាន់ត្រូវបានគេបញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយនោះទេ ខណៈការស៊ើបអង្កេត កំពុងតែបន្តដំណើរការនៅឡើយ៕