(វ៉ាស៊ីនតោន)៖ បុរសម្នាក់រស់នៅទីក្រុង Lafayette នៃរដ្ឋ Tennessee ភាគកណ្តាលសហរដ្ឋអាមេរិក បានឈ្នះឆ្នោតទទួលបានទឹកប្រាក់ ៤២០.៩លានដុល្លារអាមេរិក ដែលជារង្វាន់ដ៏ច្រើនមហាសាលមួយអាចឲ្យរូបគេរស់នៅក្នុងភាពជាមហាសេដ្ឋីប្រចាំអាមេរិកបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
តាមពិតទៅទឹកប្រាក់ខាងលើនេះ គ្រាន់តែជារង្វាន់ធំដែលត្រូវផ្តល់ជូនជាលើកទីពីរប៉ុណ្ណោះសម្រាប់អតិថិជនខណៈអ្នកឈ្នះកាលពីលើកមុននៅអំឡុងខែមករា ដើមឆ្នាំ២០១៦ កន្លងទៅនេះគឺបានទទួលទឹកប្រាក់រហូតដល់ទៅ ៥២៨.៨លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ អ្នកឈ្នះដែលមិនទាន់ត្រូវបានប្រកាសឈ្មោះខាងលើនេះមានរយៈពេលកំណត់ ១៨០ថ្ងៃដើម្បីមកទទួលយកលាភសក្ការៈរបស់ខ្លួននៅឯទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនឆ្នោត Powerball Tennessee Lottery។
គួរបញ្ជាក់ថាអ្នកឈ្នះឆ្នោតខាងលើនេះ គឺមិនត្រូវបានប្រកាសឈ្មោះ ឬអត្តសញ្ញាណច្បាស់លាស់ជាសាធារណៈនោះឡើយដោយយោងលើកត្តាសន្តិសុខ។ សម្រាប់ឆ្នោតដែលបុរសខាងលើនេះឈ្នះគឺជារង្វាន់ធំលើកទី ១២ហើយនៅក្នុងប្រវត្តិសាស្ត្រនៃអ្នកលេងឆ្នោតទូទាំងសហរដ្ឋអាមេរិក។ បច្ចុប្បន្ន Powerball កំពុងប្រតិបត្តិនៅក្នុងរដ្ឋចំនួន ៤៤ របស់អាមេរិក ហើយទឹកប្រាក់ Jackpot រហូតមកដល់ខែមករា ឆ្នាំ២០១៦ មានរហូតដល់ទៅ ១.៥៨៦ ពាន់លានដុល្លារឯណោះ៕