គណៈកម្មការរៀបចំការបោះឆ្នោត រដ្ឋ Wisconsin, អាមេរិក៖ «គ្មានភស្ដុតាងណាបញ្ជាក់ថា លទ្ធផលឆ្នោតត្រូវបានគេក្លែងបន្លំនោះទេ»
28-11-2016 09:38
(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោត ក្នុងរដ្ឋ Wisconsin បាននិយាយថា ខ្លួនមិន បានរកឃើញភស្ដុតាងណាមួយដែលបញ្ជាក់ថា លទ្ធផលបោះឆ្នោតតាមរយៈប្រព័ន្ធកុំព្យូទ័រត្រូវបានគេ Hack ឬក្លែងបន្លំនោះទេ នៅអំឡុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ខណៈ លោកស្រី ជីល ស្ដែន ក៏បានបង្ហាញពីបំណងដាក់សំណើឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញផងដែរ នៅរដ្ឋ Pennsylvania និង រដ្ឋ Michigan។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្រុមមន្ត្រីនៅក្នុងរដ្ឋ Wisconsin គ្រោងនឹងជួបគ្នានៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាគ្នាស្ដីពីការរាប់សន្លឹកឆ្នោតឡើងវិញតាមសំណើអតីតបេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្របៃតង (Green Party) លោកស្រី ជីល ស្ដែន (Jill Stein) ដែលកំពុងធ្វើសង្រ្គាមពាក្យសម្ដីជាមួយនឹង ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។ លោក ត្រាំ បានឈ្នះនៅក្នុងរដ្ឋសំខាន់ៗដូចជា Pennsylvania, Michigan និង រដ្ឋ Wisconsin។ ក៏ប៉ុន្តែលោកស្រី ជីល ស្ដែន បានដាក់សំណើឱ្យមានការរាប់សន្លឹកឆ្នោត ឡើងវិញនៅក្នុង រដ្ឋមួយនេះ ហើយមិនតែប៉ុណ្ណោះ លោកស្រីក៏មានបំណងដាក់សំណើដូចគ្នានេះសម្រាប់រដ្ឋ Pennsylvania និង រដ្ឋ Michigan ដោយអាចនឹង ត្រូវចំណាយប្រាក់ ៥លានដុល្លារអាមេរិកនៅក្នុងដំណើរការនេះ។
គួរបញ្ជាក់ថាជុំវិញការរាប់សន្លឹកឆ្នោតឡើងវិញនេះដែរ ក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតខាង លោកស្រី ហ៊ីលឡារី គ្លីនតុន បានអះអាងថានឹងចូលរួម ជាមួយលោកស្រី ជីល ស្ដែន រីឯលោក ត្រាំបានសម្ដែងការជំទាស់យ៉ាងខ្លំាង និងបានហៅគំរោងនេះថា «ជាទង្វើបោកប្រាស»៕