(វ៉ាស៊ីនតោន)៖ អនាគតប្រធានាធិបតីសហរដ្ឋអាមេរិក ទី៤៥ លោក ដូណាល់ ត្រាំ បានបញេ្ចញប្រតិកម្មជាលើកដំបូងគិតចាប់តំាងពីថ្ងៃទី៨ ខែវិច្ឆិកា នូវនយោបាយរបស់លោកចំពោះប្រទេសគុយបា បន្ទាប់ពីអតីតបិតាបដិវត្ដន៍គុយបា លោក ហ្វីឌែល កាស្ត្រូ បានទទួលមរណភាពក្នុងវ័យ៩០ឆ្នាំ កាលពីថ្ងៃសៅរ៍ ដោយថែមទំាងបានសន្យាថា រដ្ឋបាលអាមេរិកថ្មី នឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីលើកម្ពស់សេរីភាព និងវិបុលភាពរបស់ប្រជាជនគុយបា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ដូណាល់ ត្រាំ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបាននិយាយដូច្នេះថា «បើទោះជាសោកនាដកម្ម ការស្លាប់ និងភាពឈឺចាប់បង្កឡើងដោយលោក ហ្វីឌែល កាស្ត្រូ មិនអាចលុបចោលក៏ដោយ ក៏រដ្ឋបាលរបស់យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីឱ្យប្រជាជនគុយបា ចាប់ផ្ដើមផ្លូវដើររបស់ពួកគេឆ្ពោះទៅរកវិបុលភាព និងសេរីភាព។ មួយវិញទៀតដរាបណាប្រទេសដែនកោះមួយនេះ នៅតែផ្ដាច់ការ ខ្ញុំសង្ឈឹមថាថ្ងៃដ៏សំខាន់មួយនេះ (ថ្ងៃមរណភាពលោក កាស្ត្រូ) នឹងនាំយកភាពភ័យខ្លាច និងការឈឺចាប់រាប់ទសវត្សរ៍មួយនេះចេញពីការគិត នៃប្រជាជនគុយបា ព្រមទាំងអាចដើរទៅរកអនាគតដ៏ល្អប្រសើរមួយ»។
គួរបញ្ជាក់ថា លោក ហ្វីឌែល កាស្រ្តូ កើតនៅឆ្នាំ១៩២៦ នៅភូមិប៊ីរាន់ នៃប្រទេសគុយបា ហើយលោកបានក្លាយជានាយករដ្ឋមន្រ្តី របស់ប្រទេសដីកោះដែលស្ថិត នៅក្នុងដែនសមុទ្រការីបៀនមួយនេះ កាលពីខែកុម្ភៈ ឆ្នាំ១៩៥៩ និងបានបន្តដឹកនាំប្រទេសគុយបា រហូតទាល់តែដល់ឆ្នាំ២០០៨ នៅពេលដែលប្អូនប្រុសរបស់ លោក គឺប្រធានាធិបតីគុយបាបច្ចុប្បន្នលោក រ៉ាអ៊ូល កាស្រ្តូ បានឡើងកាន់អំណាចបន្ត។ លោក កាស្ត្រូ បានទទួលមរណភាពនៅក្នុងអាយុ៩០ឆ្នាំ ហើយសេចក្តីប្រកាស ជាផ្លូវការត្រូវបានធ្វើឡើងដោយប្អូនប្រុសរបស់លោកផ្ទាល់ នៅវេលាម៉ោង ២២៖២៩នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងឡាហាវ៉ាន់)៕