(វ៉ាស៊ីនតោន)៖ មនុស្សភាគច្រើនសុទ្ធតែដឹងថា សហរដ្ឋអាមេរិក និងគុយបា គឺជាអតីតសត្រូវស៊ីសាច់នឹងគ្នាកាលពីអំឡុងសម័យសង្រ្គាមត្រជាក់។ ទំនាក់ទំនងការទូត រវាងប្រទេសទំាងពីរ ទើបតែភ្ជាប់គ្នាឡើងវិញ កាលពីឆ្នាំ ២០១៥ ក្រោមរដ្ឋាភិបាលលោក បារ៉ាក់ អូបាម៉ា ប៉ុន្តែគេហាក់ដូចជា មានជំនឿតិចតួចណាស់ថា ប្រជាជាតិ ទាំងពីរនេះអាចត្រូវរ៉ូវគ្នាពិតប្រាកដ ខណៈសហរដ្ឋអាមេរិក តែងតែរិះគន់ចំពោះការរំលោភសិទ្ធមនុស្សនៅគុយបា និងនៅតែមិនអាចបំភ្លេចបានស្លាកស្នាម ឈឺចាប់ពីអតីតកាល នេះបើតាមការចុះផ្សាយដោយកាសែតបារំាង Le M​onde នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

កាសែតបារំាង Le M​onde បានចេញផ្សាយបន្ថែមទៀតថា ទំាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង ឡាហាវ៉ាន នៅតែមិនទាន់អាចបំភ្លេចបានទាំងស្រុងនៅឡើយស្លាកស្នាមឈឺ ចាប់ពីអតីតកាលនោះគឺការរៀបគំរោងរបស់ ទីភា្នក់ងារចារកិច្ចអាមេរិក​ CIA ​ក្នុងការធ្វើឃាតអតីតប្រធានាធិបតី គុយបា លោក ហ្វីឌែល កាស្ត្រូ។ គំរោងធ្វើឃាត លោក កាស្ត្រូ​ ត្រូវបាន CIA​ រៀបចំតំាងតែពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​១៩៦៣ ជាថ្ងៃដែលប្រធានាធិបតីអាមេរិក លោក John Kennedy​ ត្រូវបានគេលួចធ្វើឃាត។ ដោយឡែកបើយោងតាម របាយការណ៍ មួយចេញផ្សាយកាលពីឆ្នាំ២០០៦ CIA​ បានរៀបចំគំរោង៦៣៨លើក ដើម្បីសម្លាប់លោក កាស្ត្រូ ក្នុងនោះរួមមានទាំងការដាក់ថ្នាំពុល នៅក្នុងប៊ិច និងស៊ីហ្គា ដែលអតីតបិតាបដិវត្ដន៍ គុយបារូបនេះចូលចិត្ត។ ប៉ុន្តែយ៉ាងណាគំរោងទាំងនេះ​ត្រូវបានបរាជ័យទាំងអស់។

សូមជំរាបថា លោក ហ្វីលឌែល កាស្ត្រូ បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ក្នុងវ័យ៩០ឆ្នាំ។ នៅក្នុងកែវភ្នែកមេដឹកនាំអាមេរិកសឹងតែទំាងអស់ លោកកាស្ត្រូ គឺជាមេដឹកនាំផ្ដាច់ការ ប៉ុន្តែប្រទេសមួយចំនួនដែលមានទំនាក់ទំនងមិនសូវល្អជាមួយសហរដ្ឋអាមេរិក លោក កាស្រ្តូ គឺជានិមិត្តរូបនៃបដិវត្ដន៍ប្រឆាំងនឹងអាណានិគម អាមេរិក៕