(វ៉ាស៊ីនតោន)៖ ក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកស្រី ហ៊ីលឡារី គ្លីនតុន បានប្រកាសកាលពីថ្ងៃសៅរ៍ថា នឹងចូលរួមក្នុងការ រាប់សន្លឹកឆ្នោតឡើងវិញ នៅឯរដ្ឋ Wisconsin បើសិនជាការរាប់សន្លឹក ឆ្នោតឡើងវិញនេះត្រូវបានធ្វើឡើងមែននោះ បើទោះជាខ្លួនមិនទាន់បានអះអាង ពីភាពមិនប្រក្រតី ដែលកើតមាននៅអំឡុងពេលបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិចិ្ឆកា ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌ មាន CNN នៅថ្ងៃអាទិត្យ ទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៦។
ការរាប់សន្លឹកឡើងវិញនៅក្នុងរដ្ឋ Wisconsin ដែលអាចនឹងត្រូវចំណាយប្រាក់ជាង ១.១លានដុល្លារអាមេរិក ត្រូវបានស្នើឡើងដោយ លោកស្រី ជីល ស្ដែន (Jill Stein) មកពីគណបក្សឯករាជ្យ Green Party ខណៈ លោក ដូណាល់ ត្រាំ បានចាត់ទុកថាសំណើនេះគឺជារឿងគួរឱ្យអស់សំណើច និងជាទង្វើបោកប្រាស។ ដោយ ឡែកជុំវិញបញ្ហានេះដែរ ខាងក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោត របស់លោកស្រី គ្លីនតុន បាននិយាយ ថា «បើទោះជាយើងពុំទាន់រកឃើញភស្ដុតាងគ្រប់គ្រាន់ ទាក់ទិននឹងការចូល Hack ឬគោលបំណងកែប្រែលទ្ធផលបោះឆ្នោត ក៏ដោយ ប៉ុន្តែយើងនឹងចូលរួមក្នុងការរាប់សន្លឹឆ្នោតនៅរដ្ឋ Wisconsin ឡើងវិញ នៅក្នុងករណី ដែលដំណើរការ រាប់សន្លឹកឆ្នោតនេះ គឺត្រឹមត្រូវយុត្តិធម៌សម្រាប់គ្រប់ភាគី»។
គួរបញ្ជាក់ថា សំណើ របស់លោកស្រី ជីល ស្ដែន (Jill Stein) ធ្វើឡើងនៅបន្ទាប់ពីមានព័ត៌មានលេចលឺថា លទ្ធផលបោះឆ្នោតត្រូវបានគេ Hack ហើយសំណើនេះ ក៏ត្រូវបានគណកម្មាការរៀបចំការបោះឆ្នោតនៃរដ្ឋ Wisconsin ទទួលយកជាផ្លូវហើយដែរ៕