(គុយបា)៖ សារព័ត៌មានអន្តរជាតិសំខាន់ៗជុំវិញពិភពលោក កំពុងផ្តោតការយកចិត្តទុកដាក់ជាខ្លាំងទៅលើលោក ហ្វីឌែល កាស្ត្រូ (Fidel Castro) បន្ទាប់ពីដំណឹងមរណភាពរបស់លោក កាលពីម្សិលមិញថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ។ លោកជាអ្នកនយោបាយជនជាតិគុយបាដ៏ល្បាញល្បី និងអ្នកធ្វើបដិវត្តន៍ដែលបានបង្កើតរបត់នយោបាយដ៏សំខាន់ ក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋគុយបា បន្ទាប់លោកបានដឹកនាំប្រទេសនេះ ក្នុងនាមជានាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៧៦ ហើយក្រោយមកបានក្លាយជាប្រធានាធិបតី ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ២០០៨ កន្លងទៅនេះ។ មុនក្លាយជាបុគ្គលដ៏សំខាន់ស្ថិតក្នុងការចង់ចាំរបស់ពិភពលោក អ្នកនយោបាយរូបនេះបានហែលឆ្លងរឿងរ៉ាវជាច្រើន។
ខាងក្រោមនេះជាព័ត៌មានសំខាន់ៗរបស់លោក Fidel Castro អតីតមេដឹកនាំប្រទេស គុយបា៖
* ឈ្មោះពេញ៖ Fidel Alejandro Castro Ruz
* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩២៦
* មរណភាព៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦(វ័យ៩០ឆ្នាំ)
* ភរិយា៖ លោកស្រី Mirta Diaz-Balart ពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៥៥ លោកស្រី Dalia Soto del Valle ពីឆ្នាំ១៩៨០ ដល់បច្ចុប្បន្ន
* កូន៖ ៩នាក់
* រស់នៅ៖ ខេត្ត Santiago ប្រទេស គុយបា
* សិក្សានៅ៖ សកលវិទ្យាល័យ Havana
* បក្សនយោបាយ៖ គណបក្ស Orthodox ពីឆ្នាំ១៩៤៦ដល់ឆ្នាំ១៩៥២ គណបក្សចលនាខែកក្កដា ពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៦៥ និងគណបក្ស Communist ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ២០១៦។
* ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបា ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៦ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៨។
* អគ្គលេខាធិកាទី៧ និងទី២៣ នៃចលនាគ្មានបក្សសម្ព័ន្ធពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៧៩ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៨៣ និងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៦ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៨។
* នាយរដ្ឋមន្ត្រីទី១៦ នៃប្រទេស គុយបា៖ ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៥៩ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៦
* ប្រធានាធិបតីទី១៧ របស់ប្រទេស គុយបា៖ ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៦ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៨
* រដ្ឋមន្ត្រីទីមួយ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីសគុយបា ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១១
* ជីវិតកាលពីកុមារភាព
Castro មានឪពុកឈ្មោះថា Angel Castro y Argiz ជាជនអន្តោប្រវេសន៍ពីប្រទេស អេស្ប៉ាញ ទៅកាន់ប្រទេស គុយបា។ ឪពុករបស់លោកទទួលជោគជ័យ ផ្នែកជំនួញតាមរយៈការដាំដំណាំអំពៅ។ បន្ទាប់ពីបរាជ័យក្នុងការជីវិតអាពាហ៌ពិពាហ៌លើកទីមួយ (ភរិយាទីមួយជាអ្នកបម្រើក្នុងផ្ទះ) ឪពុករបស់លោកបានយក ភរិយាទីពីរ ដែលមានកូនប្រាំពីរនាក់ដោយក្នុងនោះក៏មាន Fidel Castro ផងដែរ។ Castro កើតក្នុងកសិដ្ឋាន នៃក្រុមគ្រួសារមួយដែលមាន ឪពុកម្តាយរស់នៅជាមួយគ្នាដោយមិនបានរៀបការ។
ក្នុងវ័យ៦ឆ្នាំ Fidel បានទៅរស់នៅជាមួយគ្រូបង្រៀនរបស់ខ្លួន ក្រោយមកត្រូវបានបញ្ជូនទៅសិក្សានៅសាលា Santiago de Cuba។ ប៉ុន្តែដោយសារ Fidel មានឥរិយាបទមិនសមរម្យ ហេតុនេះកុមាររូបនេះត្រូវបានបញ្ជូនទៅសាលាឯកជនក្នុងខេត្ត Santiago។ បើទោះបីជាក្មេងប្រុសរូបនេះ មានការចាប់អារម្មណ៍ខ្ពស់ ទៅលើឯកទេសប្រវត្តិសាស្ត្រ ភូមិវិទ្យា និងការជជែកពិភាក្សា តែគេហាក់មិនពូកែក្នុងការសិក្សាឡើយ ផ្ទុយទៅវិញ គេបែរជាចំណាយពេលវេលាភាគច្រើន ទៅលើការលេងកីឡាវិញ។
ក្នុងឆ្នាំ១៩៤៥ Castrol បានចាប់ផ្តើមសិក្សាលើឯកទេសច្បាប់ នៅសកលវិទ្យាល័យ Havana។ ដោយសារលោកគ្មានចំណេះដឹងផ្នែកនយោបាយធ្វើឱ្យ Fidel ក្លាយជាមនុស្សដែលបង្កភាពច្របូលច្របល់ក្នុងចំណោមនិស្សិត ព្រមទាំងបង្កើតសកម្មភាពហិង្សាក្នុងសកលវិទ្យាល័យថែមទៀតផង។ ដោយសារលោកជាមនុស្ស ដែលងុបងុលខ្លាំងហួសហេតុទៅលើចលនាប្រឆាំងអំពើចក្រពត្តិនិយម និងប្រឆាំងការឈ្លានពានរបស់សហរដ្ឋអាមេរិក ក្នុងតំបន់សមុទ្រការ៉ាអ៊ីប ធ្វើឱ្យលោកមិនអាចទទួលបានជោគជ័យក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីក្លាយជាប្រធានព័ន្ធនៃនិស្សិតសកលវិទ្យាល័យឡើយ។
Castro បានក្លាយជាអ្នករិះគន់ទៅលើអំពើពុករលួយ និងអំពើហិង្សានៃរដ្ឋាភិបាលរបស់ប្រធានាធិបតី Ramon Grau ព្រមទាំងបានរៀបចំកម្មវិធីថ្លែង នៅតាមទីសាធារណៈ ក្នុងឆ្នាំ១៩៤៦ ដែលវាជាឱកាសធ្វើឱ្យលោកបានលេចលើក្របមុខនៃកាសែតនានា។
* ចលនាបះបោរ និងលទ្ធិម៉ាកនិយម ពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៥០៖
ក្នុងខែមិថុនា ឆ្នាំ១៩៤៧ លោក Castro បានស្វែងយល់ពីរបៀប ដើម្បីទម្លាក់មេដឹកនាំរដ្ឋប្រហារ Rafael Trujillo ដែលមានទំនាក់ទំនងជិតស្និតជាមួយ សហរដ្ឋអាមេរិក។ លោក Castro បានដឹកនាំចលនានិស្សិតប្រឆាំងការសម្លាប់សាស្ត្រាចារ្យម្នាក់ពីសំណាក់កងកម្លាំងរដ្ឋាភិបាល។ ការធ្វើបាតុកម្មបានបង្កជាអំពើ ហិង្សាផ្ទុះឡើងរវាងក្រុមសកម្មជន និងប៉ូលីសក្នុងឆ្នាំ១៩៤៨ ដែលក្នុងពេលនោះ លោកត្រូវរងការវាយប្រហារយ៉ាងដំណំ។
ក្នុងឆ្នាំ១៩៤៨ លោក Castro បានធ្វើដំណើរទៅកាន់ប្រទេស កូឡំប៊ី ដែលរួមដំណើរដោយក្រុមនិស្សិត ដែលទទួលបានគាំទ្រពីប្រធានាធិបតីប្រទេស អាហ្សង់ទីន។ ការធ្វើឃាតទៅលើមេដឹកនាំដ៏មានប្រជាប្រិយភាពម្នាក់គឺលោក Jorge Eliecer Gaitan Ayala បានបង្កកុប្បកម្ម និងការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាល និងក្រុមសេរីនិយម។ លោក Castro បានចូលរួមក្នុងក្រុមសេរីនិយម ដែលលួចកាំភ្លើងពីស្ថានីយប៉ូលីស។ យ៉ាងនេះក្តីប៉ូលីស បានធ្វើការស៊ើបអង្កេត បែរជារកឃើញថា លោកមិនពាក់ព័ន្ធនឹងការសម្លាប់មនុស្សទៅវិញ។
នៅពេលវិលត្រឡប់ទៅកាន់ប្រទេស គុយបា លោក Castro បានក្លាយជាតួអង្គសំខាន់ក្នុងចលនាប្រឆាំងរដ្ឋាភិបាល។ ក្នុងឆ្នាំនោះលោកបានរៀបការជាមួយនាង Mirta Diaz Balart ប៉ុន្តែទំនាក់ទំនងនេះ ទទួលបានរងការបដិសេធពីក្រុមគ្រួសារទាំងពីរ ប៉ុន្តែឪពុកខាងស្រីបានផ្តល់ប្រាក់ដល់ពួកគេចំនួន១ម៉ឺនដុល្លារ ដើម្បីចំណាយទៅលើការក្រេបទឹកឃ្មុំរយៈពេលបីខែនៅទីក្រុង ញ៉ូវយក។
លោកជាមនុស្សដែលមានទំនោរទៅលើលទ្ធិកុម្មុយនីសម៉ាក់និយម។ ទាក់ទងនឹងលទ្ធិនេះលោកបានលើកឡើងថា «លទ្ធិម៉ាកនិយមបានបង្រៀនខ្ញុំឱ្យបានដឹងថា សង្គមគឺជាអ្វី ដំបូងខ្ញុំដូចជាមនុស្សពិការក្នុងព្រៃម្នាក់ ដែលមិនបានយល់សូម្បីថា តើខាងណាជាទិសខាងត្បូង ឬខាងជើងឡើយ។ ប្រសិនបើមនុស្សមិនបាន យល់ពីជម្លោះវណ្ណៈ យ៉ាងហោចណាស់ពួកគេគួរតែយល់ច្បាស់ពីសង្គមមួយដែលមានការបែងចែករវាងអ្នកមាន និងអ្នកក្រ ដែលធ្វើឱ្យអ្នកមានកេងប្រវ័ញ្ញលើអ្នកក្រ វាហាក់ដូចជា អ្នកកំពុងវង្វេងក្នុងព្រៃដូចច្នោះដែរ គឺមិនយល់អ្វីទាល់តែសោះ»។
* មុខរបរក្នុងវិស័យច្បាប់ និងនយោបាយពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥២៖
ដោយក្នុងអំឡុងពេលនោះ លោកមិនយកចិត្តទុកដាក់លើប្រាក់កាស ទំនិញ វត្ថុប្រើប្រាស់អ្វីនោះទេ ដែលធ្វើឱ្យលោកមិនមានលទ្ធភាព ក្នុងការចំណាយលើតម្រូវការប្រចាំថ្ងៃ ក្រៅពីនេះគ្រឿងសង្ហារឹមត្រូវបានដកហូត អគ្គិសនីត្រូវបានកាត់ផ្តាច់ និងបង្កសម្ពាធផ្លូវចិត្តជាខ្លាំងដល់ភរិយារបស់លោក។
លោកបានចូលរួមក្នុងសកម្មភាពធ្វើបាតុកម្មក្នុងឆ្នាំ១៩៥០ ដោយប្រឈមមុខជាមួយប៉ូលីស។ លោកសង្ឃឹមថា ប្រទេសគុយបា នៅតែគាំទ្រលោក Chibas និងបក្ស Partido Ortodoxo។ បន្ទាប់ពីមរណភាពរបស់លោក Chibas ធ្វើឱ្យលោកផ្ទាល់គិតថា ខ្លួនជាទាយាតរបស់មេដឹកនាំរូបនេះ វាជាហេតុជម្រុញលោក Castro ចង់ឈរឈ្មោះជាសមាជិកសភា ក្នុងការបោះឆ្នោតខែមិថុនា ឆ្នាំ១៩៥២។ ជាអកុសលលោកត្រូវបានសមាជិកជាន់ខ្ពស់របស់បក្សបដិសេធ។
យ៉ាងនេះក្តី លោកត្រូវបានតែងតាំងជាបេក្ខជនរបស់សភាតំណាងរាស្ត្រ ដោយសមាជិកសភា នៃស្រុកមួយក្នុងទីក្រុង Havana ដែលជាស្រុកក្រីក្រជាងគេព្រមទាំង ចាប់ផ្តើមយុទ្ធនាការ។ តែយ៉ាងនេះក្តី ក្នុងឆ្នាំ១៩៥២ ប្រទេសនេះត្រូវធ្លាក់ក្រោមការដឹកនាំរដ្ឋប្រហារ ដោយមានលោក Batista ជាប្រធានាធិបតី។ លោក Castro និងអ្នកដទៃទៀត បានចាត់ទុកថា លោកជាមនុស្សផ្តាច់ការ។
* ចលនាបដិវត្តន៍ គុយបា៖
លោក Castro បានបង្កើតក្រុមមួយដែលមានឈ្មោះថា «Moverment» ដែលប្រដាប់ដោយអាវុធ និងហ្វឹកហាត់ដើម្បីប្រឆាំងលោក Batista។ គិតចាប់ពីខែកក្កដា ឆ្នាំ១៩៥២ ពួកគេប្រមូលបានសមាជិកប្រមាណ១២០០នាក់ ក្នុងរយៈពេលមួយឆ្នាំ ដោយភាគច្រើនបានមកពីស្រុកដែលក្រីក្រជាងគេក្នុងទីក្រុង Havana។
បើទោះបីជាបដិវត្តន៍នេះ ជាបដិវត្តន៍សង្គមនិយម ប៉ុន្តែលោក Castro ព្យាយាមជៀសវាងការចងសម្ព័ន្ធជាមួយពួកកុម្មុយនីស PSP ដោយបារម្ភថា វាអាចបង្កភាពភ័យខ្លាចដល់អ្នកនយោបាយ។ មិនតែប៉ុណ្ណោះលោកក៏បានបញ្ជាក្រុមចលនារបស់លោកជៀសវាងការបង្ហូរឈាម លើកលែងតែក្នុងករណីចាំបាច់។
ការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងរដ្ឋាភិបាលបានកើតឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៥៣។
តាមរយៈការដឹកនាំចលនាប្រឆាំងរដ្ឋាភិបាល ទីបំផុត លោក Castro ត្រូវបានកាត់ទោសដាក់ក្នុងពន្ធនាគាររយៈពេល១៥ឆ្នាំ។ ប៉ុន្តែដោយលោក Batista ជឿជាក់ថា លោក Castro មិនគួរត្រូវបានដាក់ពន្ធធនាគារ ហេតុនេះនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៥៥ លោក ព្រមទាំងអ្នកជាប់ពន្ធធនាគារ ជាមួយលោកផ្សេងទៀតត្រូវបានគេដោះលែង។
* ការកាន់ដំណែងជានាយករដ្ឋមន្ត្រី និងប្រធានាធិបតី៖
នៅឆ្នាំ១៩៥៩ ទំនាស់រវាងលោក Castro និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានផ្ទុះឡើង ដោយលោកបានចោទប្រកាន់ថា រដ្ឋាភិបាលបានបង្កឱ្យ មនុស្សរាប់ពាន់អ្នកឥតការងារធ្វើ។ ជាលទ្ធផលនាយករដ្ឋមន្ត្រី Jose Miro Cardona បានលាលែងពីដំណេង ហើយនិរទេសខ្លួន ទៅសហរដ្ឋអាមេរិក ដោយបានចូលរួមក្នុងចលនាប្រឆាំងរបស់លោក Castro។
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៥៩ ស្ថិតក្នុងវ័យត្រឹម៣២ឆ្នាំ លោក Castro បានស្បថឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីប្រទេស គុយបា។ ក្នុងឆ្នាំ១៩៥៩ លោក Castro បានចុះហត្ថលេខាលើកំណែទម្រង់ដីស្រែបែបថ្មី ដោយដាក់ឱ្យមនុស្សម្នាក់ កាន់កាប់ដីទំហំសមរម្យហាមឃាត់ជនបរទេសមិនឱ្យទទួលបានសិទ្ធិ ធ្វើជាម្ចាស់ដីក្នុងប្រទេស គុយបា បានឡើយ។
កសិករប្រមាណ២០០ពាន់នាក់ ទទួលបានលិខិតកាន់កាប់ដីធ្លី ដោយប្លង់ដីធំៗកន្លងមកត្រូវបានបំបែកជាដីតូចៗជាដើម។ ជាមួយគ្នានោះដែរ លោកបានតែងតាំងខ្លួនឯងជាប្រធានឧស្សាហកម្មទេចរណ៍ជាតិ។ ក្នុងខែមីនា ឆ្នាំ១៩៥៩ លោកបានប្រកាសផ្តល់ដីជួលដល់អ្នកដែលរកប្រាក់ចំណូល បានទាបជាង១០០ដុល្លារក្នុងមួយខែ។ ក្រោយមកក្នុងថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៦ លោកបានក្លាយជាប្រធានាធិបតីប្រទេស គុយបា រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០០៨។
* ការកាត់ផ្តាច់ និងការភ្ជាប់ទំនាក់ទំនងជាមួយអាមេរិក៖
ក្នុងខែមករា ឆ្នាំ១៩៦១ លោក Castro បានបញ្ជាឱ្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំទីក្រុង Havana កាត់បន្ថយបុគ្គលិករបស់ខ្លួន៣០០នាក់ សង្ស័យពីបទពួកគេជាពួកស៊ើបការណ៍។ សហរដ្ឋអាមេរិកបានឆ្លើយតបវិញដោយបញ្ឈប់ទំនាក់ទំនងការទូត និងបង្កើនក្រុម CIA បង្កើតសកម្មជនដើម្បី វាយប្រហារទៅលើនាវាដែលរកស៊ីជាមួយប្រទេស គុយបា បំផ្ទុះគ្រាប់បែកលើរោងចក្រ ហាងលក់ទំនិញ និងរោងចក្រធ្វើស្ករជាដើម។ ទំនាក់ទំនងរវាងប្រទេស ទាំងពីរកាន់តែតានតឹងជាលំដាប់។ ប៉ុន្តែក្នុងរយៈពេល៥០ឆ្នាំក្រោយមក គឺក្នុងឆ្នាំ២០១៥ ប្រជាជាតិទាំងពីរបានចាប់ផ្តើមទំនាក់ទំនងជាផ្លូវការដូចដើមវិញ ដោយកាត់បន្ថយការរឹតបន្តឹងការធ្វើដំណើរ ព្រមទាំងបើកស្ថានទូតជាថ្មី។
* មរណភាព៖
កាលពីយប់អាធ្រាតថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ទូរទស្សន៍រដ្ឋរបស់ប្រទេស គុយបា បានប្រកាសថា លោក Castro បានស្លាប់បាត់បង់ជីវិតក្នុងទីក្រុង Havana ក្នុងវ័យ៩០ឆ្នាំ។ មូលហេតុនៃការស្លាប់ មិនបានបង្ហាញច្បាស់លាស់នៅឡើយ។ ប្អូនប្រុស និងប្រធានាធិបតីគុយបា លោក Raul Castro បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «មេបញ្ជាការនៃចលនាបដិវត្តន៍គុយបា បានស្លាប់បាត់បង់នៅវេលាម៉ោង២២៖២៩នាទីយប់»។ បន្ទាប់ពីទទួលដំណឹងនេះភ្លាម ការរៀបចំពិធីកាន់ទុក្ខ ត្រូវបានរៀបចំភ្លាមៗ នៅទូទាំងប្រទេស គុយបា ក្នុងទឹកដីសហរដ្ឋអាមេរិក និងដែនដីដទៃទៀត ដោយប្រជាពលរដ្ឋគុយបា ដែលធ្វើនិរទេសន៍ខ្លួននៅមកក្រៅប្រទេស។ សូមរំលឹកទៀតថាលោក ហ្វីឌែល កាស្ត្រូ ក៏ធ្លាប់ជាមិត្តស្និទ្ធស្នាលបំផុតផងដែរ ជាមួយអតីតព្រះមហាវីរៈក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ កាលទ្រង់នៅមានព្រះជន្ម៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា