(គុយបា)៖ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្ទាល់ ពិធីកាន់ទុក្ខដ៏ធំសម្រាប់អតីតមេដឹកនាំបដិវត្តន៍ដ៏ល្បីល្បាញរបស់ប្រទេសគុយបា លោក ហ្វីឌែល កាស្រ្តូ (Fidel Castro) នឹងត្រូវប្រារព្ធឡើងរយៈពេល០៩ថ្ងៃ រហូតដល់ថ្ងៃអាទិត្យ ទី០៤ ខែធ្នូ នៅក្នុងទីក្រុង Santiago ហើយបើតាមសេចក្តីប្រកាសរបស់លោក រ៉ូល ខាស្ត្រូ សពលោក ហ្វីឌែល កាស្ត្រូ នឹងត្រូវបូជានៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា (ត្រូវនឹងព្រឹកថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ពេលវេលានៅតំបន់អាស៊ីអាគ្នេយ៍) និងទុករហូតដល់ថ្ងៃទី០៤ ខែធ្នូ ទើបប្រារព្ធពិធីបុណ្យដ៏ធំដើម្បីយកអដ្ឋិធាតុរបស់លោកទៅបញ្ចុះ។ នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN នៅមុននេះបន្តិចនាយប់ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា លោក ហ្វីឌែល កាស្ត្រូ ត្រូវជាបងប្រុសបង្កើតរបស់លោក រ៉ូល ខាស្ត្រូ (Raul Castro) មេដឹកនាំកំពូលប្រទេសគុយបា បច្ចុប្បន្នបានទទួលមរណភាពក្នុងអាយុ៩០ឆ្នាំ ហើយសេចក្តីប្រកាសជាផ្លូវការត្រូវបានធ្វើឡើងដោយប្អូនប្រុសរបស់លោកផ្ទាល់តែម្តង នៅវេលាម៉ោង២២៖២៩នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងឡាហាវ៉ាន់)។
សូមរំលឹកទៀតថាលោក ហ្វីឌែល កាស្ត្រូ ក៏ធ្លាប់ជាមិត្តស្និទ្ធស្នាលបំផុតផងដែរ ជាមួយអតីតព្រះមហាវីរៈក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ កាលទ្រង់នៅមានព្រះជន្ម៕