(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កំពុងរួមគ្នារៀបចំចាត់វិធានការដើម្បីខ្ទប់ដង្ហើមសេដ្ឋកិច្ចប្រទេសកូរ៉េខាងជើង ដោយឥឡូវនេះជិតនឹងសម្រេចបានការអនុញ្ញាតមែនទែនហើយ ក្នុងការដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសដ៏ឯកោមួយនេះ ដើម្បីកាត់ផ្តាច់ប្រាក់ចំណូលរបស់ទីក្រុងព្យុងយ៉ាង ចេញពីវិស័យនាំចេញឲ្យបានមិនតិចជាងមួយភាគបួនឡើយ ដែលគោលដៅសំខាន់ជាងគេនោះគឺការនាំចេញ
ធ្យូងថ្មរបស់កូរ៉េខាងជើងទៅកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
គំរោងនៃការដាក់ទណ្ឌកម្មដែលព្រៀងឡើងដោយសហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការបំផ្ទុះសាកល្បងគ្រាប់នុយក្លេអ៊ែរលើកទីប្រាំរបស់ប្រទេសកូរ៉េខាងជើង កាលពីខែកញ្ញាកន្លងទៅនេះ និងដាក់កម្រិតទៅលើវិស័យនាំចេញរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដែលទទួលបានចំណូលក្នុងមួយឆ្នាំៗប្រមាណជា ៣ពាន់លានដុល្លារ ហើយបើការដាក់ទណ្ឌកម្មនេះបានជោគជ័យវានឹងកាត់បន្ថយថវិកាដែលកូរ៉េខាងជើងរកបានពីវិស័យនេះ យ៉ាងហោចបំផុតក៏ចំនួន ៨០០លានដុល្លារដែរ។
គួរបញ្ជាក់ដែរថា សហរដ្ឋអាមេរិក និងប្រទេសចិនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធតែមួយគត់របស់កូរ៉េខាងជើងនោះ បានឯកភាពគ្នាក្នុងការ ដាក់ទណ្ឌកម្មបន្ថែមនេះទៅលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងហើយ នៅរង់ចាំតែការយល់ព្រមពីសំណាក់ចក្រភពអង់គ្លេស, ប្រទេសបារាំង និងប្រទេសរុស្ស៊ីប៉ុណ្ណោះ៕