(កាណាដា)៖ វត្ថុមួយដែលត្រូវបានគេរកឃើញនៅក្បែរឆ្នេរសមុទ្រនៃប្រទេសកាណាដានោះ ដែលដំបូងឡើយមនុស្សជាច្រើនជឿជាក់ថា ជាគ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ដែលបានបាត់ដំណឹងសូន្យឈឹងតាំងពីសម័យទសវត្សរ៍ទី៥០មកនោះ ការពិតទៅគ្រាន់តែជាបំណែកនៃគ្រឿងយន្តប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
វត្ថុដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលមួយប្រាវ បន្ទាប់ពីត្រូវបានរកឃើញដោយអ្នកមុជទឹកម្នាក់ នៅក្បែរឆ្នេរសមុទ្រនៃខេត្ត British Columbia ភាគខាងលិចប្រទេសកាណាដានោះ ត្រូវកងកម្លាំងយោធាធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ហើយរកឃើញថា វាមិនមែនជាអាវុធនុយក្លេអ៊ែរដែលបានបាត់ នៅពេលយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកបាន ធ្លាក់កាលពីឆ្នាំ១៩៥០ នោះឡើយដោយវត្ថុនោះគ្រាន់តែជាបំណែកនៃគ្រឿងម៉ាស៊ីនដែកប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៥០ យន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងធុន Convair B-36B របស់សហរដ្ឋអាមេរិក បានធ្លាក់ទៅក្នុងតំបន់ភាគខាងជើងខេត្ត Birtish Columbia របស់ប្រទេសកាណាដា នៅក្រោយពេលដែលបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរប្រភេទ «Mark 4» មួយគ្រាប់ចោល៕