(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់លោក ប៉ារ៉ាក់ អូបាម៉ា បានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីពេលថ្មីៗនេះ ថាជាការឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងជាក់ច្បាស់អំពីឆន្ទៈរបស់ប្រជាជនអាមេរិកទាំងមូល ហើយលទ្ធផលដ៏សុក្រិតឥតល្អៀងនេះ គួរតែត្រូវបានគោរពតាម។ នេះបើតាមការចេញផ្សាយដោយការសែត New York Times នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមរដ្ឋបាលនៃប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លទ្ធផលនៃការបោះឆ្នោតគឺត្រឹមត្រូវបំផុតទោះបីជាធ្លាប់មានការចោទប្រកាន់មួយចំនួនក៏ដោយថា ប្រទេសរុស្ស៊ីបានព្យាយាមប៉ុនប៉ងបង្កភាពរាំងស្ទះដល់ដំណើរការ និងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក ដែលជាការចោទប្រកាន់វិមានក្រឹមឡាំងបានបដិសេធចោល។
គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ដូណាល់ ត្រាំ ជាបេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ បានយកឈ្នះលើគូប្រកួតរបស់ខ្លួនគឺលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ ហើយនៅក្រោយពេលចេញលទ្ធផលឆ្នោត បាតុកម្មផ្ទុះជាអំពើហិង្សាដ៏កក្រើកបានកើតឡើងស្ទើរតែនៅទូទាំងប្រទេសរីឯនាពេលថ្មីៗនេះក៏មានការតវ៉ាទាមទារ ឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅតាមបណ្តារដ្ឋមួយចំនួនដែលលោក ត្រាំ ទទួលបានជ័យជម្នះដោយប្រកៀកប្រកិតបំផុតថែមទៀត៕