(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានសម្រេចជ្រើសរើសលោក Donald McGahn មកពីទីក្រុងវ៉ាស៊ីនតោន ឲ្យធ្វើជាទីប្រឹក្សាប្រចាំនៅសេតវិមានដើម្បីជួយដោះស្រាយបញ្ហាទំនាស់ផលប្រយោជន៍សំខាន់ៗ ដែលមហាសេដ្ឋីអលនទ្រព្យនៅទីក្រុងញូយ៉ករូបនេះ អាចនឹងជួបប្រទះក្រោយពេលឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Donald McGahn អតីតប្រធានគណៈកម្មាការនៃសហព័ន្ធបោះឆ្នោត ឬហៅកាត់ថា FEC គឺជាមេធាវីនិងទីប្រឹក្សាជាន់ ខ្ពស់នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ហើយកាលពីនៅកាន់មុខតំណែងក្នុង FEC លោក McGahn ធ្លាប់បានទទួលការកោតសសើរនិងគោរពមិនធម្មតាឡើយ។
គួរបញ្ជាក់ថាទីប្រឹក្សាប្រចាំសេតវិមានមានតួនាទីផ្តល់ការណែនាំអំពីបញ្ហាសីលធម៌ ក៏ដូចជាផ្តល់មតិយោបល់ទៅកាន់ប្រធានាធិបតីអាមេរិកស្តីពីភាពស្របច្បាប់ពាក់ព័ន្ធ នឹងការដាក់ចេញបញ្ជារួមនិងច្បាប់ផ្សេងៗដែលបានអនុម័តដោយសភា ហើយមុខតំណែងដ៏សំខាន់មួយនេះ ក៏អាចប្រើសិទ្ធិវេតូចំពោះការតែងតាំងមន្រ្តីសំខាន់ៗមួយចំនួនក្នុងជួររដ្ឋាភិបាលបានផងដែរ ដោយរួមបញ្ចូលទាំងតំណែងប្រធានតុលាការកំពូល៕