(យូអិន)៖ នៅសល់តែជាងមួយខែទៀតប៉ុណ្ណោះអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បច្ចុប្បន្នលោក បាន គីម៊ូន នឹងត្រូវចប់អាណត្តិ ហើយជំនួយមកវិញដោយអតីតនាយករដ្ឋមន្រ្តីព័រទុយហ្គាល់ លោក Antonio Guterres ដែលមនុស្សគ្រប់គ្នាកំពុងបង្ហាញក្តីសង្ឃឹមយ៉ាងខ្ពស់ថា នឹងអាចជួយឲ្យមានការផ្លាស់ប្តូរដ៏ប្រសើរសម្រាប់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
កាលពីខែតុលាកន្លងទៅក្រុមមហាសន្និបាតនៃអង្គការសហប្រជាជាតិ បានសម្រេចតែងតាំងលោក Antonio Guterres ដែលជាអតីតនាយករដ្ឋមន្រ្តីនៃប្រទេសព័រទុយហ្គាល់ ធ្វើជាអនាគតប្រមុខដឹកនាំថ្មីរបស់អង្គការសហប្រជាជាតិ ដើម្បីបន្តតួនាទីដ៏សំខាន់នេះពីលោក បាន គីមូន ដែលនឹងចាកចេញពីតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ។
គួរបញ្ជាក់ថា លោក Antonio Guterres ស្ថិតក្នុងវ័យ៦៧ឆ្នាំ បានធ្វើជានាយករដ្ឋមន្រ្តីព័រទុយហ្គាល់ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០២ និងធ្លាប់កាន់តួនាទី ជាឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់ UN ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៥ផងដែរ ហើយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ មុខតំណែងជាអគ្គលេខាធិការ UN នឹងត្រូវប្រគល់ជូនលោក Guterres ជាផ្លូវការដើម្បីដឹកនាំ
អង្គការសហប្រជាជាតិក្នុងរយៈពេលមួយអាណត្តិស្នើនឹងប្រាំឆ្នាំ៕