(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិកភាគច្រើនមានការជឿជាក់ខ្ពស់ ទៅលើអនាគតប្រធានាធិបតីរបស់ពួកគេ គឺលោក ដូណាល់ ត្រាំ ដែលនឹងដឹកនាំប្រទេសបន្តពីលោក បារ៉ាក់ អូបាម៉ា ដែលមានរយៈពេលមួយអាណត្តិស្មើនឹង ០៤ឆ្នាំ។ នេះបើតាមការស្ទង់មតិជាតិមួយ ដែលទើបតែបានធ្វើឡើង នាពេលថ្មីៗនេះចេញផ្សាយដោយសារព័ត៌មាន Politico នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការស្ទាបស្ទង់មតិមួយរបស់សកលវិទ្យាល័យ Quinnipiac ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃ១៧ ដល់២០ ខែវិច្ឆិកានេះបានរកឃើញថា ប្រជាជនអាមេរិកប្រមាណ ៥៩ភាគរយ មានសុទិដ្ឋិនិយមខ្ពស់លើការកាន់តំណែងជាប្រធានាធិបតីថ្មីរបស់លោក ដូណាល់ ត្រាំ និង១៧ភាគរយគិតថាលោកនឹងក្លាយជាមេដឹកនាំដ៏អស្ចារ្យមួយរូបហើយ ៣២ភាគរយទៀតយល់ថាលោក ត្រាំ នឹងបំពេញការងារបាន យ៉ាងល្អនៅអំឡុងពេលបួនឆ្នាំគិតចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះតទៅ។
ដោយឡែកលើកលែងតែពលរដ្ឋអាមេរិកចំនួន ២៦ភាគរយប៉ុណ្ណោះ ដែលគិតថាមហាសេដ្ឋី អចលនទ្រព្យដែលក្លាយជា អនាគតប្រធានាធិបតីអាមេរិករូបនេះ នឹងក្លាយជាមេដឹកនាំដ៏អន់ម្នាក់។
គួរបញ្ជាក់ដែរថា នៅក្រោយពេលដែលបានទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិកនោះ បច្ចុប្បន្នលោក ដូណាល់ ត្រាំ កំពុងតែមមាញឹកជាខ្លាំងក្នុងការរៀបចំរដ្ឋបាលថ្មី ដើម្បីត្រៀមដឹកនាំប្រទេសមហាអំណាចពិភពលោកមួយនេះតទៅមុខទៀត នៅពេលលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ឆាប់ៗខាងមុខនេះ បន្តពីលោក បារ៉ាក់ អូបាម៉ា៕