(កូស្តារីកា)៖ រដ្ឋាភិបាលកូស្តារីកាបានអះអាងនៅថ្ងៃសៅរ៍នេះថា ខ្យល់ព្យុះដ៏ខ្លាំងក្លាមួយឈ្មោះថា «Hurricane Otto» បានឆក់យកជីវិតមនុស្ស​យ៉ាងហោចណាស់ចំនួន ០៩នាក់នៅក្នុងប្រទេសអាមេរិក​ភាគកណ្តាលមួយនេះ បន្ទាប់ពីវាបានវាយប្រហារទៅលើតំបន់ភាគខាងជើងយ៉ាងដំណំ។ នេះបើតាមការ​ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាយកទីភ្នាក់ការពារគ្រោះមហន្តរាយប្រចាំតំបន់ បានឲ្យដឹងថាការស្លាប់​បាត់បង់ជីវិតបានកើតឡើងនៅជុំវិញតំបន់ Bagaces និង Upala ដែលជាកន្លែងទទួលរងគ្រោះធ្ងន់ធ្ងរ​ដោយសារខ្យល់បក់សន្ធប់ខ្លាំងៗ និងភ្លៀងធ្លាក់យ៉ាងជោគជាំ ហើយតួលេខផ្លូវការនៃចំនួនមនុស្សស្លាប់គឺ ០៩នាក់ ដោយក្នុងចំណោមនោះប្រាំនាក់នៅក្នុងតំបន់ Upala និងបួននាក់ផ្សេងទៀតនៅតំបន់ Bagaces។

ចំណែកឯប្រធានាធិបតីកូស្តារីកាលោក Luis Guillermo Solis ដែលមានវត្តមាននៅក្នុងសន្និសីទកាសែត​ខាងលើដូចគ្នានោះបានថ្លែងថា រដ្ឋាភិបាលរបស់លោកបានចេញប្រកាសឲ្យមា​ការកាន់ទុក្ខ​នៅទូទាំង​ប្រទេសចំនួនបីថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៨ ខែវិច្ឆិកានេះតទៅ ដើម្បីផ្តល់ពេលវេលាសម្រាប​ប្រតិបត្តិការ​ជួយសង្រ្គោះនិងតាមស្វែងរកជនរងគ្រោះដទៃទៀត ខណៈកម្រិតទឹកភ្លៀងនៅតំបន់ភាគជើងនៃផ្ទៃប្រទេស
ដែលត្រឹមតែ០៦ម៉ោងសោះប្រៀបដូចទៅនឹងកម្រិតភ្លៀងធ្លាក់ជាមធ្យមក្នុងមួយខែអ៊ីចឹង។

គួរបញ្ជាក់ដែរថាក្រៅពីតំបន់ទាំងពីរខាងលើព្យុះ Hurricane Otto ក៏បានបោកបក់ទៅលើតំបន់ Nicaragua ដែលនៅក្បែរខាងនោះផងដែរ ប៉ុន្តែសំណាងល្អពុំមានមនុស្សរងគ្រោះនោះឡើយដោយគ្រាន់តែលំនៅឋាន​មួយចំនួនបានរងការខូចខាត និងខ្លះទៀតបានដួលរលំ ហើយមកដល់ព្រឹកថ្ងៃសៅរ៍នេះខ្យល់ព្យុះកំណាច​មួយនេះបានចាកចេញពីប្រទេសកូស្តារីកាតំបន់អាមេរិកកណ្តាល ឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក និងបានថយឥទ្ធិពលមកនៅត្រឹមជាព្យុះត្រូពិចប៉ុណ្ណោះ៕