(តេហេរ៉ង់)៖ ចំនួនមនុស្សដែលបានបាត់បង់ជីវិតកើនឡើងដល់៤០នាក់ ហើយប្រមាណជា១០០នាក់ បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្រោយពេលដែលរថភ្លើងដឹកអ្នកដំណើរចំនួនពីរខ្សែ បានបុកគ្នាយ៉ាងពេញទំហឹង និងផ្ទុះឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ទៅឡើង នៅខេត្ត Semnan ភាគខាងជើងប្រទេសអ៉ឺរ៉ង់ ខណៈចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តបន្ទាប់ទៀត។ នេះបើតាមស្ថានីយ៍ទូរទស្សន៍រដ្ឋអ៉ឺរ៉ង់ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
អភិបាលខេត្ត Semnan បានឲ្យដឹងថា «គិតមកត្រឹមពេលនេះចំនួនអ្នកស្លាប់សរុបបានកើនដល់ យ៉ាងណាស់៤០នាក់ហើយ ខណៈមនុស្សចំនួន១០០នាក់ទៀត បានទទួលរងរបួសយ៉ាងដំណំ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅកៀកនឹងកន្លែងកើតហេតុបំផុត ជាបន្ទាន់ដើម្បីជួយសង្រ្គោះព្យាបាល ដោយអ្នកខ្លះដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមែនទែនសឹងតែមិនសង្ឃឹមថានឹងអាចរួចជីវិតនោះឡើយ» ប៉ុន្តែព័ត៌មានលម្អិតអំពីចំនួនអ្នកដំណើរសរុប នៅលើរថភ្លើងទាំងពីរខ្សែរនោះ នៅតែពុំត្រូវបានបញ្ជាក់ឲ្យដឹងច្បាស់ដដែល។
សូមជំរាបថា បើយោងតាមស្ថានីយ៍ទូរទស្សន៍អ៉ឺរ៉ង់បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយខ្សែបានជ្រុល ទៅបុក នឹងរថភ្លើងមួយខ្សែរផ្សេងទៀត ដែលបានចតស្ងៀមនៅឯស្ថានីយ៍ Haft-han ជាយក្រុងទីក្រុង Shahroud ដែលស្ថិតនៅចម្ងាយប្រមាណ ២៥០គីឡូម៉ែត្រ ភាគខាងកើតទីក្រុងតេហេរ៉ង់ ហើយបានបណ្តាលឲ្យទូររថភ្លើងមួយចំនួនឆាបឆេះឡើង៕