(កូរ៉េខាងត្បូង)៖ លោកស្រី Park Geun-hye (ផាក គឺនហេ) ជាស្ត្រីទីមួយត្រូវបានបោះឆ្នោតធ្វើជាប្រធានាធិបតីកូរ៉េខាងត្បូង និងជាប្រធានាធិបតីស្ត្រីទី៣ នៅតំបន់អាស៊ីបូព៌ា បន្ទាប់ពីលោកស្រី Sukhbaataryn Yanjmaa និងលោកស្រី Soong Ching-Ling។ ទោះបីជាលោកស្រី កំពុងប្រឈមមុខនឹងការទម្លាក់ចេញពីតំណែងក៏ដោយ ប៉ុន្តែជីវប្រវត្តិនយោបាយកន្លងមករបស់លោកស្រី ហាក់ស្ថិតនៅគួរជាទីចាប់អារម្មណ៍ និងកោតសរសើរខ្លាំងណាស់។
នៅក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ គេហទំព័រ Forbes បានដាក់លោកស្រីក្នុងចំណាត់ថ្នាក់ទី១១ ក្នុងចំណោមស្ត្រីដែលមានអំណាចជាងគេទាំង ១០០នាក់លើពិភពលោក និងជាស្ត្រីដែលមានអំណាចជាងគេបំផុតទីមួយនៅក្នុងតំបន់អាស៊ីបូព៌ា។ ក្នុងឆ្នាំ២០១៤ លោកស្រី Park ត្រូវបានគេហទំព័រដដែលនេះចាត់ក្នុងចំណាត់ថ្នាក់ទី៤៦ ក្នុងចំណោមបុគ្គលដែលមានអំណាចជាងគេលើពិភពលោក និងជាមនុស្សដែលមានអំណាចជាងគេទីបី នៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោក Lee Kun-hee និងលោក Lee Jae-yong។
ខាងក្រោមនេះជាជីវប្រវត្តិសំខាន់ៗរបស់ស្ត្រីជើងខ្លាំង ប្រចាំតំបន់អាស៊ីបូព៌ារូបនេះ៖
* កន្លែង និងឆ្នាំកំណើត៖ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៥២ (វ័យ៦៤ឆ្នាំ) ក្នុងទីក្រុង Daegu ប្រទេស កូរ៉េខាងត្បូង
* សិក្សានៅ៖ សកលវិទ្យាល័យ Sogang
* សាសនា៖ Shamanism
* មេដឹកនាំបក្ស Saenuri៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១២
* សមាជិកសភា៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២
* ប្រធានាធិបតីទី១១ របស់កូរ៉េខាងត្បូង៖ កាន់អំណាចពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ដល់បច្ចុប្បន្ន
* ជីវិតកាលពីកុមារភាព និងការអប់រំ
Park Geun-hey ជាកូនច្បងរបស់លោក Park Chung-hee ជាប្រធានាធិបតីទី៣ របស់ប្រទេសកូរ៉េខាងត្បូង ដែលបានកាន់អំណាចចាប់ពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៧៩ និងជាកូនលោកស្រី Yuk Yong-soo។ Park មានប្អូនប្រុសម្នាក់ឈ្មោះ Park Ji-man និងប្អូនស្រីម្នាក់ឈ្មោះ Park Geun-ryeong ហើយលោកស្រី Park មិនធ្លាប់រៀបការឡើយរហូតមកទល់ពេលនេះ។
លោកស្រី Park Geun-hye (កណ្ដាល) ជាមួយឪពុកម្ដាយ និងប្អូនប្រុសប្អូនស្រី
ក្នុងឆ្នាំ១៩៥៣ គ្រួសារររបស់កុមារី Park បានផ្លាស់ប្តូរទៅរស់នៅក្នុងរដ្ឋធានីសេអ៊ូល ព្រមទាំងបញ្ចប់ការសិក្សានៅសាលាបឋមសិក្សា jangchung និងថ្នាក់មធ្យម Sungshim ក្នុងឆ្នាំ១៩៧០។ នាងបានបញ្ចប់ការសិក្សាលើឯកទេសផ្នែកវិស្វកម្មអេឡិចត្រូនិក ពីសកលវិទ្យាល័យ Sogang ក្នុងឆ្នាំ១៩៧៤។
លោកស្រី Park Geun-hye ជាមួយឪពុករបស់លោកស្រី លោក Park Chung-hee
អ្នកនាង Park ធ្លាប់បានសិក្សារយៈពេលខ្លីនៅសកលវិទ្យាល័យ Grenoble ប៉ុន្តែក្រោយមកបានចាកចេញពីប្រទេសបារាំងមកប្រទេសកូរ៉េខាងត្បូងវិញ បន្ទាប់ពីមានអំពើឃាតកម្មទៅលើម្តាយរបស់នាង។ ម្តាយរបស់នាងត្រូវបានគេធ្វើឃាតក្នុងនៅរោងមហោស្រពកូរ៉េ ក្នុងទីក្រុងសេអ៊ូល ក្នុងថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៤ ដោយលោក Mun SE-gwang ជាជនជាតិជប៉ុនកើតលើទឹកដីកូរ៉េ ដែលចូលដៃជើងជាមួយប្រទេសកូរ៉េខាងជើង។
អ្នកនាង Park ត្រូវបានគេគោរព និងផ្តល់តំណែងជា First Lady រហូតដល់ឆ្នាំ១៩៧៩ បន្ទាប់ពីឪពុករបស់អ្នកនាងត្រូវបានធ្វើឃាតដោយ ប្រធានភ្នាក់ងារស៊ើបអង្កេតរបស់លោកផ្ទាល់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៧៩។ លោកស្រី Park ធ្លាប់ទទួលបានងារកិត្តិយសពីសកលវិទ្យាល័យវប្បធម៌ប្រទេសចិន នៅកោះតៃវ៉ាន់ ក្នុងឆ្នាំ១៩៨៧ ព្រមទាំងទទួលបានពីសកលវិទ្យាល័យ Pukyong National University និងសកលវិទ្យាល័យ KAIST ក្នុងឆ្នាំ២០០៨ សកលវិទ្យាល័យ Sogang University ក្នុងឆ្នាំ២០១០ និងសកលវិទ្យាល័យ TU Dresden ក្នុងឆ្នាំ២០១៤។
ក្រៅពីភាសាកូរ៉េ ដែលជាភាសាកំណើត លោកស្រី Park ក៏អាចនិយាយភាសាចិន អង់គ្លេស បារាំង និងអេស្ប៉ាញ បានយ៉ាងស្ទាត់ជំនាញ។
* អាជីព និងការងារ
សមាជិកសភា៖ លោកស្រី Park បានត្រូវបានបោះឆ្នោតក្លាយជាសមាជិកសភារបស់បក្ស Grand Naitonal Party (GNP) ក្នុងឆ្នាំ១៩៩៨ ព្រមទាំងបន្តជាប់ឆ្នោតសាជាថ្មីម្តងហើយម្តងទៀត។ រហូតដល់ខែមេសា ឆ្នាំ២០១២ លោកស្រីត្រូវបានបោះឆ្នោតក្លាយជាតំណាងរាស្ត្ររបស់បក្ស Saenuri វិញ។
ប្រធានគណបក្ស GNP៖ ក្នុងឆ្នាំ២០០៤ ដោយសារគណបក្ស GNP ប្រឈមមុខនឹងវិបត្តិ ហេតុនេះ លោកស្រី Park ត្រូវបានគេតែងតាំងធ្វើជាស្ត្រីប្រធានបក្ស ព្រមទាំងដឹកនាំការបោះឆ្នោត។ ជាអកុសលក្នុងការបោះឆ្នោតគណបក្សនេះបានបាត់បង់សំឡេងគាំទ្រជាច្រើន ប៉ុន្តែយ៉ាងហោចណាស់អាចរក្សាបាន ១២១អាសនៈក្នុងសភា ដែលនេះត្រូវបានគេចាត់ទុកថាជាការសម្រេចបានយ៉ាងធំធេង ខណៈដែលបក្សមួយនេះស្ថិតក្នុងស្ថានភាពហ្វឹកវរជាខ្លាំង។ ក្នុងនាមជាប្រធានស្ត្រីរូបនេះ បានជួយឲ្យគណបក្សទទួលបានការគាំទ្រជាខ្លាំងក្នុងការបោះឆ្នោត។
ការឈរឈ្មោះបោះឆ្នោតឆ្នាំ២០០៧ លោកស្រី Park មានបំណងចង់បន្តវេនអាជីពពីឪពុកក្នុងដំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ដោយបានចូលប្រកួតប្រជែងដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីសម្រាប់បក្ស GNP ។ ប៉ុន្តែនៅទីបំផុតលោកស្រីបានបរាជ័យ ក្នុងការប្រកួតប្រជែងជាមួយលោក Lee Myung-bak ដែលជាសមាជិកបក្សGNPដូចគ្នា ដោយមានគម្លាតពីគ្នាយ៉ាងទាបបំផុត។
ការពិតទៅលោក Lee បាននាំមុខលោកស្រីជាខ្លាំងក្នុងដំណាក់កាលដំបូង ប៉ុន្តែក្រោយមកលោកស្រីទទួលបានសំឡេងគាំទ្រប្រកៀកប្រកិតនឹងគូប្រជែង បន្ទាប់ពីមានការចោទប្រកាន់ពីអំពើពុករលួយទៅលើលោក Lee។ យ៉ាងណាក្តីលោកស្រី នៅតែចាញ់ឆ្នោតដដែល។
ការបោះឆ្នោតឆ្នាំ២០០៨៖ បន្ទាប់ពីទទួលជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០០៧ លោកប្រធានាធិបតី Lee បានបង្កើតរដ្ឋាភិបាលមួយដោយជ្រើសរើស តែអ្នកគាំទ្រជំនិតៗជុំវិញខ្លួន ដើម្បីកាន់ដំណែងផ្សេងៗ។ សមាជិកបក្ស GNP ដែលជាអ្នកគាំទ្រលោកស្រី Park បានចាកចេញពីបក្សនេះ ព្រមទាំងបង្កើតបក្សថ្មីមួយទៀតដែលមានឈ្មោះសម្ព័ន្ធគាំទ្រលោកស្រី Park យ៉ាងនេះក្តី សូម្បីលោកស្រីផ្ទាល់មិនបាចូលរួមក្នុងបក្សនេះឡើយ ដោយបន្តជាសមាជិកបក្ស GNP ដដែល តែលោកស្រីបានផ្តល់ឱកាសបើកចំហឲ្យពួកគេវិលត្រឡប់មកវិញ។
ក្នុងការបោះឆ្នោតឆ្នាំ២០០៨ បក្សថ្មីនេះទទួលបានសំឡេងគាំទ្ររហូតបាន ២៦កៅអី និងដើរតួនាទីយ៉ាងសំខាន់ក្នុងសភា តែទីបំផុតក្នុងឆ្នាំ២០១១ សមាជិកបក្សសម្ព័ន្ធគាំទ្រលោកស្រី Park បានវិលត្រឡប់មកបក្ស GNP វិញ។
ដំណែងជាប្រធានបក្ស Saenuri ៖ ដោយការជួបវិបត្តិ គណបក្ស GNP បានធ្វើកិច្ចប្រជុំជាបន្ទាន់ព្រមទាំងបានប្តូរឈ្មោះទៅជាបក្ស Saenuri វិញ ដែលមានន័យថា គណបក្សចលនាថ្មី ដោយលោកស្រីត្រូវបានគេតែងតាំងធ្វើជាប្រធានក្នុងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១។
ការបោះឆ្នោតសភាឆ្នាំ២០១២៖ នៅមុនការបោះឆ្នោតឆ្នាំ២០១២ ដោយសារមានរឿងអាស្រូវពុករលួយរបស់លោក Lee ធ្វើឲ្យមានការរំពឹងថាបក្ស Saenuri នេះមិនអាចទទួលសំឡេងគាំទ្រច្រើនជាង ១០០អសនៈបានឡើយ។ ក្នុងអំឡុងនៃការធ្វើយុទ្ធនាការបោះឆ្នោតរយៈពេល ១៣ថ្ងៃ លោកស្រី Park បានធ្វើដំណើរលើចម្ងាយផ្លូវ ៧,២០០គីឡូម៉ែត្រ និងទស្សនកិច្ចនៅមណ្ឌលបោះឆ្នោតជាង១០០កន្លែងដើម្បីស្វែងរកការគាំទ្រ។
ជាលទ្ធផល បក្ស Saenuri ទទួលបានសំឡេងគាំទ្រចំនួន ១៥២អាសនៈលើសពីការរំពឹងទុក។ តាមរយៈសារព័ត៌មាន និងអ្នកជំនាញបានបញ្ជាក់ថា ភាពជោគជ័យនៃបក្សនេះបានមកដោយសារភាពប៉ិនប្រសប់ក្នុងនាមជាមេដឹកនាំរបស់លោកស្រី Park។ ដោយហេតុផលនេះធ្វើឲ្យការបោះឆ្នោតឆ្នាំ២០១២ គេបានឱ្យឈ្មោះថា «ការវិលត្រឡប់មកវិញនៃម្ចាស់ក្សត្រីយ៍នៃការបោះឆ្នោត» គឺចង់សំដៅលើលោកស្រី Park តែម្តង។
យុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១២៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២លោកស្រី Park បានប្រកាសជាផ្លូវការជាថ្មីស្តីពីការឈរឈ្មោះបោះឆ្នោត ដោយត្រូវប្រកួតប្រជែងជាមួយនឹងបេក្ខជនប្រធានាធិបតីមកពីបក្សប្រឆាំងគឺលោក Moon Jae-in។ ទីបំផុតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ ជាមួយនឹងសម្លេងគាំទ្រ៥១,៦ភាគរយ លោកស្រីបានក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។
ដំណែងជាប្រធានាធិបតី៖ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត លោកស្រីត្រូវបានតែងតាំងពីប្រធានាធិបតីទី១១ របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣។ ក្នុងពេលកាន់អំណាច ប្រធានាធិបតីស្ត្រីរូបនេះ ព្យាយាមចងសម្ព័ន្ធភាពជាមួយមហាអំណាចធំៗនៅលើពិភពលោក។ ជាក់ស្តែងលោកស្រីបានចាប់ផ្តើមដំណើរទស្សនកិច្ច ក្នុងនាមជាប្រធានាធិបតីស្ត្រីនៅសហរដ្ឋអាមេរិកមុនគេបំផុត។ លោកស្រីក៏ព្យាយាមបង្កើតទំនាក់ទំនងជាមួយ ចិន រុស្ស៊ី និង អ៊ីរ៉ង់ ផងដែរ។
* ទស្សនៈវិស័យ
តាមរយៈការស្ទាបស្ទង់មតិបានបង្ហាញថា លោកស្រី Park ជាបេក្ខជនប្រធានាធបតីដែលមានលក្ខណៈអភិរក្សនិយមបំផុត។ ក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០០៨ លោកស្រីបានសន្យាថានឹងធ្វើការកាត់ពន្ធបន្ថយការរឹតបន្តឹងវិន័យក្នុងប្រទេស ប៉ុន្តែបង្កើតច្បាប់ និងបទបញ្ជាច្បាស់លាស់ជំនួសវិញ។ ក្នុងឆ្នាំ២០០៩ លោកស្រី បានចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហា សុខមាលភាព និងសេវាកម្មសុខាភិបាល។
ស្ត្រីរូបនេះទទួលបានភាពល្បីល្បាញដោយសារការរឹតបន្តឹង និងគោរពពាក្យសន្យាក្នុងរឿងនយោបាយ។ ក្នុងឆ្នាំ២០១២ លោកស្រីបានប្តេជ្ញាក្នុងការកសាងអាកាសយានដ្ឋានថ្មី នៅក្នុងតំបន់អាគ្នេយ៍។ ទស្សនៈវិស័យនៃរដ្ឋាភិបាលថ្មីរបស់លោកស្រី Park គឺ «យុគសម័យថ្មីនៃក្តីសង្ឃឹម និងសុភមង្គល»។
ចំណែកគោលដៅទាំង៥ របស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកស្រីគឺ «ទី១ មុខរបរជម្រុញសេដ្ឋកិច្ច ទី២សុខមាលភាព និងការងាររបស់កម្មករកាត់ដេរ ទី៣ការជម្រុញវិស័យអប់រំ និងវប្បធម៌ ទី៤កសាងសង្គមប្រកបដោយសុវត្ថិភាព និងការបង្រួបបង្រួម ចំណែកចុងក្រោយគឺវិធានការណ៍រក្សាសន្តិសុខដ៏រឹងមាំដើម្បីរក្សាសន្តិភាព ប្រកបដោយចីរភាពនៅឧបទ្វីបកូរ៉េ»។
* រឿងអាស្រូវ និងការរិះគន់
បញ្ហាឪពុកម្តាយ៖ ជាញឹកញាប់ ប្រធានាធិបតីរូបនេះត្រូវបានគេរិះគន់ថា ជាកូនស្រីរបស់អតីតមេដឹកនាំផ្តាច់ការកូរ៉េខាងត្បូង លោក Park Chung-hee ដែលធ្លាប់បានកាន់អំណាចរហូតដល់ ៥អាណត្តិ។
ការចោទប្រកាន់ទៅលើរឿងមូលនីធិ Bu-il ៖ ប្រធានាធិបតី Park Geun-hye ធ្លាប់បានប្រឈមមុខនឹងការស៊ើបអង្កេតជាច្រើនជុំវិញមូលនិធិអប់រំ Jeongsoo Scholarship ដែលត្រូវបានគេហៅថាមូលនិធិ Buil។ ដំបូងឡើយឪពុករបស់លោកស្រីផ្ទាល់ជាប្រធាន តែក្រោយមកលោកស្រីបានកាន់ដំណែងជាប្រធានជំនួស។ ប្រភពពីម្ចាស់ដំបូងបំផុតនៃមូលនីធិនេះបានប្រកាសក្នុងតុលាការថា ពួកគេត្រូវបានបង្ខំឲ្យប្រគល់មូលនីធិនេះដល់ឪពុករបស់លោកស្រីវិញ។
រឿងអាស្រូវពាក់ព័ន្ធនឹងអ្នកនាំពាក្យ៖ លោកស្រី Park មានការខឹងសម្បាជាខ្លាំងទៅលើលោក Yoon Chang-jung ដែលជាអ្នកនាំពាក្យប្រចាំការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។ លោកត្រូវបានប៉ូលីសវ៉ាស៊ីនតោន ចោទថាបានបំពានផ្លូវភេទទៅលើស្រីវ័យក្មេងម្នាក់ នៅស្ថានទូតកូរ៉េខាងត្បូងប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ក្នុងអំឡុងដែលលោកស្រីបំពេញដំណើរទស្សនកិច្ច ជាលើកដំបូងនៅសហរដ្ឋអាមេរិក។ លោកស្រីត្រូវបានគេរិះគន់ថា មិនចេះរើសមនុស្សធ្វើការក្នុងដំណែងជារដ្ឋមន្ត្រីជាន់ខ្ពស់តំណាងឲ្យរដ្ឋាភិបាលប្រទេសមួយទាំងមូល។
រឿងអាស្រូវបោះឆ្នោត៖ ក្នុងរយៈពេលមួយសប្តាហ៍មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី បក្សប្រឆាំងបានចោទប្រកាន់ទៅលើស្ថាប័នសាធារណមួយរបស់ភ្នាក់ងារស៊ើបអង្កេតជាតិ ដែលបានជួយជម្រុញយុទ្ធនាការឃោសនារបស់លោកស្រី Park តាមរយៈការសរសេរអត្ថបទ ដែលបង្ហាញការគាំទ្រចំពោះលោកស្រី។ នៅក្នុងប្រទេសកូរ៉េខាងត្បូង ការបង្ហាញឥរិយាបទនយោបាយពីសំណាក់ភ្នាក់ងារសាធារណៈ ត្រូវបានហាមដាច់ខាតក្នុងរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង។
ត្រៀមសំណួរ និងចម្លើយទុកជាមុន មុនពេលធ្វើសន្និសីទសារព័ត៌មាន៖ លោកស្រីត្រូវបានគេរិះគន់ចំពោះបញ្ហាមួយទៀត គឺការរៀបចំសន្និសីទសារព័ត៌មានទុកជាមុន ដែលតម្រូវឲ្យរាល់សំណួរ និងចម្លើយត្រូវបានត្រៀមទុកជាមុន។
គួរបញ្ជាក់ថាចាប់តាំងពីលោកស្រីឡើងកាន់អំណាចកាលពីខែកុម្ភៈ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ លោកស្រីបានរៀបចំសន្និសីទ សារព័ត៌មានបានបួនដងប៉ុណ្ណោះ។ ក្នុងចំណោមសន្និសីទសារព័ត៌មានទាំងបួនក្នុងនោះសន្និសីទសារព័ត៌បី ជាការថ្លែងបែបសាធារណៈដែលមិនតម្រូវឲ្យសួរសំណួរឡើយ។ ចំណែកសន្និសិទផ្សេងទៀត ត្រូវបានផ្តល់សំណួរទុកជាមុន ហើយលោកស្រីបានអាន និងរៀបចំចម្លើយជាស្រេច មុនពេលសន្និសិទសារព័ត៌មានត្រូវបានរៀបចំឡើង។
បាតុកម្មខែវិច្ឆិកា ឆ្នាំ២០១៥៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ បាតុករប្រឆាំងរដ្ឋាភិបាលប្រមាណ ៨០,០០០នាក់បានប្រឈមមុខជាមួយកងកម្លាំងរដ្ឋាភិបាល តាមដងផ្លូវក្នុងទីក្រុងសេអ៊ូល ទាមទារលោកស្រីចុះចេញពីដំណែងបញ្ហានេះកើតឡើងបន្ទាប់ពី លោកស្រីសម្រេចយល់ព្រមលើគោលនយោបាយពាណិជ្ជកម្ម និងពលករជាមិត្តភាព វាជាគោលនយោបាយមួយដែលផ្តល់អំណាចច្រើនដល់ថៅកែ ក្នុងការបដិសេធ ឬបណ្តេញកម្មករ។
ចំណែកសេចក្តីសម្រេចមួយទៀតគឺតម្រូវឲ្យនៅតាមកម្រិតមធ្យម ត្រូវប្រើប្រាស់សៀវភៅប្រវត្តិសាស្ត្រដែលមានតែមេរៀនស្តីអំពីរឿងរ៉ាវក្នុងស្រុកប៉ុណ្ណោះ ដែលគោលនយោបាយនេះនឹងចាប់ផ្តើមក្នុង ឆ្នាំ២០១៧ខាងមុខ។
ហេតុការណ៍លិចនាវា Sewol ៖ បន្ទាប់បីហេតុការណ៍លិចនាវា Sewol កាលពីខែមេសា ឆ្នាំ២០១៤ កន្លងទៅនេះ សាធារណជនបានរិះគន់ជាខ្លាំងពីភាពគ្មានទំនួលខុសត្រូវរបស់រដ្ឋាភិបាលលើបញ្ហានេះ។ ជាការឆ្លើយតបលោកស្រីបានបង្កើតគណៈកម្មាធិការដើម្បីតាមដាន និងកាត់ទោសទៅលើសារព័ត៌មានដែលបានរិះគន់ទៅលើលោកស្រី។
រឿងអាស្រូវលោកស្រី Choi Soon-sil កាលពីដើមខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ រដ្ឋអាជា្ញកូរ៉េខាងត្បូង បានធ្វើការស៊ើបអង្កេតទៅលើទំនាក់ទំនងរបស់លោកស្រី Park ជាមួយនឹងលោកស្រី Choi Soon-sil និងលោក Choi Tae-min។ ការស៊ើបអង្កេតបានរកឃើញថា លោកស្រី Choi គ្មានតំណែងអ្វីក្នុងជួររដ្ឋាភិបាលឡើយ តែអាចកាន់កាប់ឯកសារ និងព័ត៌មានផ្សេងៗសម្រាប់ប្រធានាធិបតី ព្រមទាំងជាមនុស្សជំនិតបំផុតរបស់លោកស្រីថែមទៀតផង។
លោកស្រី Choi និងបុគ្គលិកជាន់ខ្ពស់ម្នាក់របស់លោកស្រី Park បានប្រើប្រាស់ឥទ្ធិពលរបស់ពួកគេដើម្បីគំរាមកំហែងយកប្រាក់ចំនួន ៧៧៤លានដុល្លារ ពីម្ចាស់ពាណិជ្ជកម្មដ៏ធំមួយនៅកូរ៉េខាងត្បូង ព្រមទាំងបង្កើតមូលនិធិដែលមានទំនាក់ទំនងជាមួយវិស័យកីឡា និងការអប់រំដែលមានឈ្មោះថាមូលនីធិ Mir និង K-sport។ ស្ត្រីរូបនេះបានកេងបន្លំប្រាក់មូលនិធិ ដោយក្រោយមករាយការណ៍ថា ប្រាក់មួយចំនួនត្រូវបានប្រើប្រាស់ដើម្បីឧបត្ថម្ភដល់កូនស្រីរបស់ខ្លួន ឈ្មោះ Chung Yoo-ra ក្នុងកម្មវីធីប្រកួតជិះសេះនៅអាឡឺម៉ង់។
លោកស្រីក៏ត្រូវបានគេចោទប្រកាន់ពីបទបំពានបទវិន័យ ក្នុងការចូលរៀនរបស់សកលវិទ្យាល័យ Ewha Womans ក្នុងគោលបំណងជួយសម្រូលដល់កូនស្រីរបស់ខ្លួន អាចចូលរៀនក្នុងសកលវិទ្យាល័យមួយនេះ។ ដោយឡែកលោក Ah Jong-bum ជំនួយការជាន់ខ្ពស់របស់លោកស្រីប្រធានាធិបតី ត្រូវបានចាប់ខ្លួនពីបទបំពានអំណាច ព្រមទាំងបានជួយដល់កិច្ចការងាររបស់លោកស្រី Choi។
យ៉ាងនេះក្តីលោកបានបដិសេធថាមិនបានប្រព្រឹត្តអ្វីខុសឡើយ ដោយគ្រាន់តែធ្វើតាមបញ្ជារបស់ប្រធានាធិបតីប៉ុណ្ណោះ។ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ លោកស្រី Park បានប្រកាសជាផ្លូវការទទួលស្គាល់ថាលោកស្រីពិតជាមានទំនាក់ទំនងជិតស្និតជាមួយលោកស្រី Choi។ នៅថ្ងៃទី២៨ ខែតុលា លោកស្រី Park បានបញ្ឈប់សមាជិកសំខាន់ៗនៃមន្ត្រីជាន់ខ្ពស់របស់លោកស្រីដើម្បីដោះស្រាយបញ្ហា។ បន្ទាប់ពីផ្ទុះនូវរឿងអាស្រូវនេះឡើង ប្រជាពលរដ្ឋកូរ៉េខាងត្បូងរាប់ពាន់នាក់បានធ្វើបាតុកម្មទាមទារលោកស្រី ចុះចេញពីដំណែងជាបន្ទាន់៕