(មូស្គូ)៖ ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់ជូនសិស្សឆ្នើមផ្នែកភូមិវិទ្យា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ព្រំដែននៃប្រទេសដ៏ធំល្វឹងល្វើយ គ្មានដែនបញ្ចប់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការលើកឡើងបែបនេះរបស់លោក វ្ល៉ាឌីមៀ ពូទីន គ្រាន់តែចង់កំប្លែងលែងប៉ុណ្ណោះដោយ នៅពេលដែលលោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានសួរសំណួរមួយទាក់ទងនឹង ភូមិវិទ្យាទៅកាន់សិស្សឆ្នើមអាយុ០៩ឆ្នាំម្នាក់ថា «តើព្រំដែនប្រទេសរុស្ស៊ីលាតសន្ធឹងដល់ត្រឹមណា» ហើយកុមារនោះក៏បានឆ្លើយតបវិញថា «ដល់ត្រឹមតំបន់ Bering Strait» ដែលនៅចន្លោះប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក ទើបបន្ទាប់មកលោក ពូទីន ក៏បានផ្តល់ចម្លើយផ្ទាល់ខ្លួនបែបលលេងដូចដែលបាននិយាយខាងលើតែម្តងទៅ។
គួរបញ្ជាក់ថាប្រទេសរុស្ស៊ីមានផ្ទៃដី ១៧.១លានគីឡូម៉ែត្រក្រឡា ដែលធំជាងគេបំផុតនៅលើសកលលោក ខណៈទិសខាងលិចជាប់នឹងទ្វីបអឺរ៉ុប ខាងជើងជាប់មហាសមុទ្រអាក់ទិក ខាងកើតទល់នឹងទ្វីបអាមេរិកខាងជើង និង ខាងត្បូងជាប់នឹងបណ្តាលប្រទេសនៃតំបន់អាស៊ី៕