(ប៉េកាំង)៖ អាជ្ញាធរចិនបានរាយការណ៍នៅថ្ងៃសុក្រនេះថា មនុស្សស្លាប់បានកើនឡើងដល់ ៧៤នាក់ហើយ នៅក្នុងហេតុការណ៍រលំប៉មបញ្ចុះសីតុណ្ហភាព នៅឯស្ថានីយ៍ថាមពលអគ្គីសនីមួយកន្លែងស្ថិតនៅក្នុង ទីក្រុង Fengcheng នៃខេត្តជាំងស៊ី ភាគអាគ្នេយ៍ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅមុននេះបន្តិច នាព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ ហេតុការណ៍រលំប៉មផលិតថាមពលអគ្គីសនីខាងលើ បានកើតឡើងនៅម៉ោងប្រមាណជា ៧៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្តែមូលហេតុនៃគ្រោះថ្នាក់នេះ ពុំទាន់ត្រូវបានគេឱ្យដឹងនៅឡើយទេ ហើយដោយឡែកអ្នករងរបួសមួយចំនួនទៀតកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង ២០០នាក់ បានចេញប្រតិបត្តិការជួយសង្រ្គោះ។
គួរបញ្ជាក់ថាបំពង់បន្ថយសីតុណ្ហភាពក្នុងរោងចក្រថាមពលដ៏ធំខាងលើនេះ គឺស្ថិតនៅក្នុងការជួសជុល ប៉ុន្តែខណៈដែលកម្មករជាង ៧០នាក់កំពុងតែបំពេញការងារនោះ ការដ្ឋានរបស់ពួកគេនៅក្នុងបំពង់ធំនោះក៏បានរលំចុះមកសង្កត់ក្រុមកម្មករទាំងអស់តែម្តង ដែលតំណាក់កាលដំបូងត្រូវបានក្រុមជំនាញសង្ស័យថាបានបណ្តាលមកពីការផ្ទុកទម្ងន់លើសកម្រិតក្នុងការដ្ឋានសាងសង់ ទើបបង្កជាគ្រោះថ្នាក់បែបនេះ៕