(មូស្គូ)៖ ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ីបានធ្វើការរិះគន់ធ្ងន់ៗ ទៅលើទង្វើរបស់សហរដ្ឋអាមេរិក ដែលបានបំផុសបំផុលមិនឲ្យបណ្តាប្រទេសដទៃៗទៀត ចូលរួមជួយក្នុងយុទ្ធនាការណ៍ដឹកជញ្ជូនប្រេងទៅកាន់កងកម្លាំងយោធាជើងអាកាសរបស់រុស្ស៊ី ដែលឈរជើងនៅក្នុងប្រទេសស៊ីរី ដោយអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានស្តីបន្ទោសអាមេរិកចំៗថា «ប្រសិនបើទីក្រុងវ៉ាស៊ីនមិនមានសមត្ថភាព ឬមិនមានបំណងចង់ប្រយុទ្ធតទល់ជាមួយពួកភេរវករទេនោះ គួរតែកុំមករាំងផ្លូវល្អជាង»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
គួរបញ្ជាក់ថាក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវឲ្យបណ្តាប្រទេសដទៃៗទៀតមិនឲ្យជួយទំនុកបំរុងយន្តហោះដឹកប្រេង របស់ប្រទេសរុស្ស៊ីក្នុងការដឹកជញ្ជូនប្រេងយន្តហោះទៅកាន់មូលដ្ឋានទ័ពអាកាសនៅក្នុងប្រទេសស៊ិរីឡើយ ដែលទង្វើនេះលោកឧត្តមសេនីយ៍ឯក Igor Konashenkov បានិយាយដូច្នេះថា «គួរឲ្យសោកស្តាយ! ការធ្វើបែបនេះគឺកាន់តែបញ្ជាក់យ៉ាងច្បាស់អំពីកាទស្សន៍ទាយរបស់យើងកាលពីលើកមុនថា ការប្រយុទ្ធ និងកម្ចាត់ក្រុមភេរវករ នៅក្នុងប្រទេសស៊ីរី តាំងពីដំបូងមកមិនបានស្ថិតនៅក្នុងគោលបំណង របស់សហរដ្ឋអាមេរិកឡើយ»៕