(ហូជីមិញ)៖ អាជ្ញាធរនៃប្រទេសវៀតណាមបានតាមដានរកឃើញអ្នកឆ្លងវីរុស Zika ចំនួន០៤នាក់បន្ថែមទៀតនៅក្នុងទីក្រុងហូជីមិញ ដែលប្រការនេះបានធ្វើឲ្យករណី ឆ្លងសរុបនៅក្នុងទីក្រុងមួយនេះផ្ទាល់កើនដល់៧៨នាក់។ នេះបើតាមរបាយការណ៍ពីមជ្ឈមណ្ឌលវេជ្ជសាស្រ្តការពារប្រចាំទីក្រុងហូជីមិញចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
គិតមកត្រឹមយប់ថ្ងៃព្រហស្បតិ៍ សង្កាត់ចំនួន ១៧ក្នុងចំណោមទាំងអស់ ២៤នៃទីក្រុងហូជីមិញ បានប្រកាសថា មានវត្តមានអ្នកផ្ទុកវីរុស Zika ហើយការឆ្លងវីរុសនេះ នៅក្នុងប្រទេសវៀតណាមទាំងមូល ដែលត្រូវបានពិនិត្យរកឃើញមានចំនួនសរុប ៧៩ករណីដោយរាប់បញ្ចូលទាំង ៦៩ករណីនៅក្នុងទីក្រុងហូជីមិញ, ០៦ករណីនៅខេត្ត Dak Lak, Binh Duong, និង Ba Ria Vung Tau ហើយ ០៣ករណីផ្សេងទៀតនៅខេត្ត Khanh Hoa, Phu Yen, និង Long An។
ដើម្បីទប់ទល់ដោះស្រាយបញ្ហាវីរុស ដែលឆ្លងតាមរយៈសត្វមូសខាំនេះ ទីក្រុងហូជីមិញបានសម្រេចចិត្តបង្កើតគណកម្មាធិការពិសេសមួយដើម្បីបង្ការការពារ និងប្រយុទ្ធប្រឆាំងនឹងវីរុសដែលកំពុងរាតត្បាតយ៉ាងខ្លាំងក្លានៅប្រទេសនាតំបន់អាស៊ីអាគ្នេយ៍នេះ ហើយម៉្យាងវិញទៀតអាជ្ញាធរនៅតាមបណ្តាទីក្រុង
និងខេត្តនានា នៅទូទាំងប្រទេសវៀតណាម បានបន្តចំណាត់ការក្នុងការស្វែងរកករណីឆ្លង នៃវីរុស Zika ឲ្យខ្លាំងជាងមុនទៀត និងបានបង្កើនការបាញ់ថ្នាំ ដើម្បីកម្ចាត់ជម្រកសត្វមូស នៅតាមតំបន់ជាច្រើនផងដែរ៕