(ហ្សាការតា)៖ កងកម្លាំងយោធានៃប្រទេសឥណ្ឌូណេស៊ីបានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ ទីបញ្ជាការរបស់ខ្លួនបានដាច់វិទ្យុទាក់ទងជាមួយនឹង ឧទ្ធម្ភាគចក្រយោធាមួយគ្រឿ ដែលផ្ទុកនាយទាហានចំនួនប្រាំរូប ស្ថិតនៅលើដែនអាកាសនៃកោះ Borneo។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
អ្នកនាំពាក្យកងទ័ពជើងគោកឥណ្ឌូណេស៊ីលោកឧត្តមសេនីយ៍ Sabrar Fadhilah បានថ្លែងថាឧទ្ធម្ភាគចក្រខាងលើដែលមានប្រភេទ Bell 412 EP បានដាច់ការទាក់ទង ជាមួយនឹងទីបញ្ជាការនៅរយៈពេលត្រឹមតែបីនាទីប៉ុណ្ណោះ បន្ទាប់ពីបានហោះចាកចេញពីក្រុង Tarakan នៃខេត្ត North Kalimanta ដោយនៅលើនោះមានពលទាហាន ចំនួនប្រាំនាក់រួមជាមួយ និងបរិក្ខាផ្គត់ផ្គង់ទម្ងន់ ប្រមាណជា៤០០គីឡូក្រាម ត្រូវបានដឹកធ្វើដំណើរទៅសំដៅកាន់ភូមិដាច់ស្រយាល Long Bawan នៅក្បែរព្រំដែនប្រទេសម៉ាឡេស៊ី។
ខណៈនេះដែរក្រុមភ្នាក់ងារជួយសង្រ្គោះកំពុង តាមស្វែងរកឧទ្ធម្ភាគចក្រយោធាមួយគ្រឿងនេះ នៅស្រុក Malinau ក្នុងខេត្តតែមួយដែលគេជឿជាក់ថាជាកន្លែងវាបានធ្លាក់។ គួររំលឹកដែរថា កាលពីចុងខែតុលាកន្លងទៅថ្មីៗនេះយន្តហោះដឹកជញ្ជូនមួយគ្រឿងធុន DHC 4 Caribou បានធ្លាក់នៅក្នុងខេត្ត Papua ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី និងបានផ្តាច់យកជីវិតមនុស្សចំនួនបួននាក់ដែលជិះនៅលើនោះទៅជាមួយគ្នា នៅក្រោយពេលមានសេចក្តីរាយការណ៍ថា បានបាត់ដំណឹងដូចគ្នាហេតុនេះហើយជោគវាសនារបស់ឧទ្ធម្ភាគចក្រមួយគ្រឿងថ្មីនេះ ក៏ទំនងជាមិនខុសគ្នាប៉ុន្មាននោះឡើយ៕