(បាងកក)៖ រដ្ឋាភិបាលយោធាថៃពុំមានគំរោងអូសបន្លាយការវិលត្រឡប់មកវិញ នៃរបបដឹកនាំបែបលទ្ធិប្រជាធិបតេយ្យឡើយ ដែលការបញ្ជាក់បែបនេះ របស់ឧបនាយករដ្ឋមន្រ្តីថៃលោក Prawit Wongsuwan ត្រូវបានធ្វើឡើងបន្ទាប់ពីមានអ្នកវិភាគរិះគន់មួយចំនួនបានសម្តែងក្តីព្រួយរម្ភថា កងកម្លាំងយោធាដែលបាន
ក្តោបក្តាប់អំណាចដោយរដ្ឋប្រហារកាលពីឆ្នាំ២០១៤ នោះនឹងលើកពេលវេលានៃការបោះឆ្នោតជាតិដែលគ្រោងនឹងប្រព្រឹត្តទៅនាឆ្នាំ២០១៧ រហូតទាល់តែដល់ ប៉ុន្មានខែក្រោយបញ្ចប់ការកាន់ទុក្ខនៃការចូលទិវង្គតរបស់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត។ នេះបើតាមការចេញផ្សាយដោយសារ
ទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានលោក Prawit Wongsuwan បានធានាអះអាងថា «ការបោះឆ្នោតជាតិនឹងប្រពឹត្តទៅតាមពេលវេលាដែលបានគ្រោងទុកដដែល ដោយគ្មានការផ្លាស់ប្តូរឡើយគឺនៅក្នុងឆ្នាំ២០១៧ ខាងមុខនេះ ហើយបើសិនជាយើងអាចពន្យាពេលការបោះឆ្នោតមួយទាំងមូលបាន ពួកយើងនឹងធ្វើដូច្នោះហើយ»។ ជុំវិញបញ្ហានេះដែរលោកឧបនាយករដ្ឋមន្រ្តី Wissanu Krea-ngam នៅថ្ងៃពុធម្សិលមិញ បាននិយាយថា ការបោះឆ្នោតជាតិឆ្នាំ២០១៧នឹងត្រូវធ្វើឡើងពិតប្រាកដមែន ប៉ុន្តែរដ្ឋាភិបាលថ្មីប្រហែលជានឹងមិនទាន់អាចលេចចេញជារូបរាងឡើងបានឡើយ រហូតទាល់តែដល់ឆ្នាំ២០១៨។
គួរបញ្ជាក់ថាប្រទេសថៃសព្វថ្ងៃកំពុងស្ថិតនៅក្នុងពេលវេលា នៃការកាន់ទុក្ខការចូលទិវង្គតព្រះមហាក្សត្រ ហើយការនិយាយពិភាក្សាគ្នា ពាក់ព័ន្ធនឹងរឿងនយោបាយ ត្រូវបានហាមឃាត់នៅក្នុងអំឡុងពេលនេះ ដើម្បីជាការសម្តែងនូវការគោរពដល់អតីតព្រះរាជារបស់ខ្លួន ដែលជាក្រត្សសោយរាជ្យបានយូរជាង
គេបំផុតលើលោកគឺរយៈពេល ៧០ឆ្នាំ ហើយព្រះអង្គគឺជានិមិត្តរូបនៃការបង្រួបបង្រួមជាតិនៅក្នុងព្រះរាជាណាចក្រថៃ៕