(សេអ៊ូល)៖ អាជ្ញាធរកូរ៉ខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនខិតប័ណ្ណរិះគន់រាប់ពាន់សន្លឹក ដោយបានហៅប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដែលកំពុងនៅស្ថិតក្រោមការចាប់ផ្ដើមបើកការស៊ើបអង្កេតរបស់ក្រុមរដ្ឋអាជ្ញាជុំវិញរឿងអាស្រូវជាមួយស្ត្រី ឆយ ស៊ូនស៊ីល ថាជា«មេធ្មប់» ។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមអាជ្ញាធរប៉ូលិស ខិតប័ណ្ណរិះគន់ជាង ៧០០សន្លឹក ត្រូវបានគេរកឃើញនៅក្បែរស្ទូឌីយ៉ូ មួយកន្លែងក្នុងទីក្រុងអ៊ីនឈ័ន នៅម៉ោងប្រមាណជា ១៖០០នាទីយប់ ខណៈខិតប័ណ្ណជិត ២,៥០០សន្លឹកផ្សេងទៀតត្រូវបានគេប្រមូលក្នុងពេលតែមួយ នៅឯតំបន់ទីប្រជុំក្នុងទីក្រុងអ៊ីនឈ័ន។ អាជ្ញាធរប៉ូលិស បានឱ្យដឹងដែរថា នៅក្នុងខិតប័ណ្ណទំាងនេះ ដែលគេជឿជាក់ថា ជាទង្វើរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង គេឃើញខិតប័ណ្ណភាគច្រើនបានហៅលោកស្រី ផាក ថា «មេធ្មប់» ព្រមទំាងបានរិះគន់ការដាក់ពង្រាយប្រព័ន្ធ ការពារគ្រាប់មីស៊ីល THAAD ក៏ដូចជារិះគន់ទៅលើ លោក បារ៉ាក់ អូបាម៉ា ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសនៅក្នុងតំបន់បានប្រគល់ខិតប័ណ្ណទំាងនេះទៅឱ្យយោធា និងធ្វើកិច្ចសហការស៊ើបអង្កេតជាមួយទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ដើម្បីកំណត់ថាតើ ខិតប័ណ្ណរិះគន់ទាំងអស់មានប្រភពមកពីណាឱ្យប្រាកដ៕