(ហាណូយ)៖ គ្រោះថ្នាក់ចរាចរណ៍បានក្លាយជារឿងក្តៅបំផុតក្នុងប្រទេសវៀតណាម ដែលបានបង្កឲ្យមនុស្សជិតខ្ទង់ម៉ឺននាក់ស្លាប់ក្នុងមួយឆ្នាំៗ ហើយបើសរុបក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ប្រជាជនវៀតណាមសរុបជាង ៤៨,០០០នាក់ហើយ បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជាពិសេសគឺសម្រាប់អ្នកជិះម៉ូតូ។ នេះបើតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
តាមការផ្សាយរបស់វិទ្យុជាតិវៀតណាម VOV ក្នុងអំឡុងពេល ៥ឆ្នាំចុងក្រោយនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួនជាង ១៥៨,០០០ករណីនៅទូទាំងប្រទេស ដែលចំនួននេះគឺបានធ្លាក់ចុះ ១៨ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅអំឡុង ៥ឆ្នាំមុននេះទៀត ហើយសម្រាប់មនុស្សរងរបួសវិញគឺមាន ១៦២,០០០នាក់ ធ្លាក់ចុះ ២២ភាគរយបើធៀបនឹងពេលវេលាកំណត់ដូចគ្នា។
សម្រាប់គោលការណ៍ដែលត្រូវបានកំណត់សម្រាប់ឆ្នាំ២០២០ ប្រទេសវៀតណាមបានប្តេជ្ញាថានឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន ២០ភាគរយបន្ថែមទៀតតាមរយៈ ការអភិវឌ្ឍផ្លូវធ្វើដំណើរ សុវត្ថិភាពនៃយានជំនិះ ការរឹតបន្តឹងច្បាប់ចរាចរណ៍ និងការអប់រំប្រជាជនទូទាំងប្រទេស៕