(វ៉ាស៊ីនតោន)៖ ទើបតែដាក់ឲ្យប្រើប្រាស់ជាលើកដំបូងមិនទាន់បានប៉ុន្មានសប្តាហ៍ផង នាវាចម្បាំងដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបឈានមុខគេបំផុតលើលោកមានឈ្មោះថា «USS Zumwalt» របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានគាំងមិនដំណើរនៅពេលឆ្លងកាត់ព្រែកជីកប៉ាណាម៉ា។ នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងទៅកាន់ស្ថានីយ៍ទូរទស្សន៍ CNN មេបញ្ជាការកងទ័ពជើងទឹកអាមេរិកលោកឧត្តមសេនីយ៍ Ryan Perry បានឲ្យដឹងថា ពេលវេលានៃការជួសជុលកំពុងតែត្រូវកំណត់ដោយក្រុមវិស្វករ ខណៈនាវាពិឃាតដ៏ទំនើបនិងមានតម្លៃថ្លៃមហិមាមួយនេះ កំពុងស្ថិតនៅក្នុងអតីតមូលដ្ឋានទ័ពជើងទឹក Rodman ក្នុងប្រទេសប៉ាណាម៉ា ដើម្បីស្រាវជ្រាវរកមូលហេតុដែលបានបង្អាក់ដំណើរការរបស់វា។
គួរបញ្ជាក់ថាបញ្ហាខាងលើបានកើតឡើងនៅអំឡុងពេលដែលនាវាចម្បាំង Zumwalt កំពុងធ្វើដំណើរឆ្ពោះទៅកាន់មូលដ្ឋានឈរជើងថ្មីរបស់ខ្លួននៅឯទីក្រុង San Diego ដើម្បីចូលរួមក្នុងកងអង្គភាពទីបីនៃទ័ពជើងទឹកអាមេរិក ដែលទទួលខុសត្រូវនៅតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ហើយវាត្រូវគេចាត់ទុកថាជានាវាពិឃាតដ៏ទំនើបជាងគេបំផុតលើលោក ដែលត្រូវបានផលិតឡើងដោយយកចិត្តទុកដាក់បំផុត៕