(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Lockheed Martin ទើបតែទទួលបានកិច្ចព្រមព្រៀងដែលតម្លៃជាង ៧ពាន់លានដុល្លារដើម្បីផលិតយន្តហោះចម្បាំង ប្រភេទបំបាំងកាយដ៏ទំនើប F-35 ចំនួន៩០គ្រឿង សម្រាប់កងទ័ពរបស់សហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងការពារជាតិអាមេរិក ដែលចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងកិច្ចព្រមព្រៀងខាងលើក្រុមហ៊ុនផលិតយន្តហោះ ដ៏ធំជាងគេនៅអាមេរិកមួយនេះនឹងផលិតយន្តហោះចម្បាំងប្រភេទ F-35A ចំនួន ៧២គ្រឿងសម្រាប់កងទ័ពជើងអាកាស ព្រមទាំងផ្តល់យន្តហោះចម្បាំង F-35 ប្រភេទ B ចំនួន១២គ្រឿងទៅកាន់កងម៉ារីនផងដែរ ហើយបន្ថែមពីនេះកងទ័ពជើងទឹកអាមេរិកនឹងទិញយន្តហោះចម្បាំង F-35C ចំនួនពីរគ្រឿង។
គួរបញ្ជាក់ដែរថាយន្តហោះធុន F-35 គឺពិបាកក្នុងការចាប់សញ្ញាដោយប្រព័ន្ធរ៉ាដាណាស់ដែលប្រការនេះអនុញ្ញាតឲ្យពួកវាអាចធ្វើប្រតិបត្តិការនៅក្នុងដែនអាកាស ដែលមានការការពារខ្លួនក្នុងកម្រិតខ្ពស់ ហើយមិនងាយឲ្យយន្តហោះចម្បាំងធម្មតាៗ ទប់ទល់បានថែមទៀតផង។ យន្តហោះចម្បាំងប្រភេទ F-35 មាន ០៣ស៊េរីរួមមាន F-35A (សម្រាប់ទ័ពអាកាស), F-35B (សម្រាប់ពួកម៉ារីន និងអាចធ្វើការហោះឡើងពីផ្លូវចម្ងាយខ្លី និងចុះចតដូចឧទ្ធម្ភាគចក្របាន), និង F-35C (សម្រាប់ពួក Navy ប្រើប្រាស់នៅលើនាវា)៕