(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានព្រមានសហរដ្ឋអាមេរិកថា បើសិនជាការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ឬហៅកាត់ថា ISA ត្រូវបានអនុម័តមែននោះ ទីក្រុងតេហេរ៉ង់ នឹងធ្វើការឆ្លើយតបឱ្យបានសក្តិសមទៅនឹងទង្វើបែបនេះ ដែលជាការរំលោភបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ មេដឹកនាំកំពូលអ៊ីរ៉ង់មិនបានបញ្ជាក់នោះទេថាវិធានការឆ្លើយតបគឺជាអ្វីឱ្យប្រាកដ ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិចិ្ឆកា ឆ្នាំ២០១៦។
ថ្លែងនៅចំពោះមុខសមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានរិះគន់ចំៗថា រដ្ឋាភិបាលអាមេរិកបច្ចុប្បន្នបានរំលោភម្ដងហើយម្ដងទៀត ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ជាពិសេសនោះគឺកាលពីពេលថ្មីៗនេះ សភាអាមេរិកបាននាំគ្នាអនុម័តលើការបន្តការដាក់ទណ្ឌកម្មរយៈពេល១០ឆ្នាំ (ISA) ប្រឆំាងនឹងអ៊ីរ៉ង់។ ដូច្នេះបើវាកើតឡើងពិតមែននោះអ៊ីរ៉ង់នឹងធ្វើការឆ្លើយតប ឱ្យបានសក្តិសមទៅនឹងទង្វើបែបនេះ។
គួរបញ្ជាក់ថាការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ឬហៅកាត់ថា ISA សម្រាប់រយៈពេល១០ឆ្នាំ ត្រូវបានអនុម័តឡើងជាលើកដំបូងកាលពីឆ្នាំ១៩៩៦ ក្នុងគោលបំណងដាក់ទណ្ឌកម្មលើការវិនិយោគនៅក្នុងឧស្សាហកម្មថាមពលអ៊ីរ៉ង់ សំដៅទប់ស្កាត់ការផលិតអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ ISA នឹងត្រូវអស់សុពលភាពនៅចុងឆ្នាំ២០១៦ នេះក្នុងករណីមិនត្រូវបានអនុម័តសារជាថ្មី៕