(សេអ៊ូល)៖ ក្រុមអង្គការសង្គមស៊ីវិលប្រមាណ ១៥០០ ដែលសហការគ្នារៀបចំការធ្វើបាតុកម្មតវ៉ាទាមទារឱ្យ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រីផាក គឺនហេ ចុះចេញពីមុខតំណែង បានប្រកាសថា បាតុកម្មតវ៉ាទ្រង់ទា្រយធំតាមរយៈការដើរជាក្បួនដង្ហែ និងអុជទៀន នឹងត្រូវបានធ្វើឡើងនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ជាមួយនឹង បាតុករចូលរួមពី១,៥ ទៅ ២លាននាក់។ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅថ្ងៃពុធ ទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៦។

នៅអំឡុងសន្និសិទសារព័ត៌មាន នៅថ្ងៃពុធនេះ តំណាងក្រុមអង្គការទំាងនេះ បានឱ្យដឹងថា បាតុកម្មតវ៉ាទ្រង់​ទ្រាយធំប្រឆាំងនឹងលោកស្រីផាក នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ សប្ដាហ៍នេះ តាមដំណាក់កាលនីមួយៗ ដោយ ចាប់ផ្ដើមនៅម៉ោងប្រមាណជា ១៣៖០០នាទីរសៀល (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល) នៅឯទីលានក្នុងទីក្រុង សេអ៊ូល និងនៅតាមកន្លែងជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស មុននឹងមានការដើរដង្ហែជាក្បួន ឆ្ពោះទៅកាន់ វិមានប្រធានាធិបតីនៅម៉ោង ១៦៖០០នាទី ហើយនៅម៉ោង២០៖០០នាទី ទើបក្រុមបាតុករទំាងអស់នឹងនាំគ្នា អុជទៀនសម្ដែងការតវ៉ារបស់ពួកគេ។​

សូមជំរាបថា ចាប់តាំងពីរឿងអាស្រូវឆយ ស៊ូលស៊ីល ផ្ទុះឡើង ប្រជាប្រិយភាពរបស់លោកស្រី ផាក គឺនហេ បានដាំក្បាលធ្លាក់ចុះយ៉ាងខ្លំាង ខណៈប្រជាជនកូរ៉េខាងត្បូង កាន់តែច្រើនឡើងៗ នាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆំាង នឹងលោកស្រី។ ជាក់ស្ដែងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា បាតុករជាង ១លាននាក់ នំាគ្នាធ្វើបាតុកម្មតវ៉ានៅទូទំាង ប្រទេសទាមទារឱ្យលោកស្រីផាក ចុះចេញពីតំណែង ប៉ុន្តែបើតាមអាជ្ញាធរប៉ូលិស បាតុករមានចំនួនតែ
២៦០,០០០នាក់ប៉ុណ្ណោះ៕