(វ៉ាស៊ីនតោន)៖ អនាគតប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ លោក Donald Trump បានសម្រេចចិត្តតែងតាំងអភិបាល រដ្ឋ South Carolina លោកស្រី Nikki Haley ជាអគ្គរដ្ឋទូតអាមេរិកប្រចាំ អង្គការសហប្រជាជាតិ ដែលនឹងត្រូវមកជំនួសតំណែងអគ្គរដ្ឋទូតបច្ចុប្បន្ន លោកស្រី Samantha Power។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកស្រី Nikki Haley មានអាយុ៤៤ឆ្នាំ ជាជនជាតិឥណ្ឌា សញ្ជាតិអាមេរិក ត្រូវបានគេចាត់ទុកថាជា ស្ត្រីជនភៀសខ្លួនដំបូងគេបំផុតក្នុងនាមជា អភិបាលរដ្ឋ South Carolina ហើយមិនតែប៉ុណ្ណោះលោកស្រីក៏ជា មនុស្សម្នាក់ដែលធ្លាប់រិះគន់លើលោក Trump ផងដែរ កាលនៅអំឡុងយុទ្ធនាការបោះឆ្នោតជ្រើសរើសបេក្ខភាព ប្រធានធិបតីនៅក្នុងជួរគណបក្សសាធារណរដ្ឋ ដោយលោកស្រីជាអ្នកគាំទ្រ លោក Ted Cruz ជាគូប្រជែងរបស់លោក Trump។
សូមជំរាបថា លោកស្រី Nikki Haley បានប្រកាន់ជំហរជំទាស់យ៉ាងខ្លំាងនឹងគោលនយបាយទទួលយកជនភៀសខ្លួនស៊ីរី នៃលោក បារ៉ាក់ អូបាម៉ា នៅក្នុងរដ្ឋ South Carolina៕