(សេអ៊ូល)៖ អ្នកជំនាញសន្តិសុខជាតិកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងទំនងជានឹងធ្វើការបំផ្ទុះសាកល្បងអាវុធនុយក្លេអ៊ែរលើកទី០៦ របស់ខ្លួននៅដើមឆ្នាំក្រោយចំពេលដែលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នាល្ងាចថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងក្នុងវេទិកាពិភាក្សាស្តីពីកិច្ចការយោធានៅទីក្រុងសេអ៊ូល លោក Lee Su-seok ប្រធានមជ្ឈមណ្ឌលបង្រួបបង្រួមយុទ្ធសាស្រ្ត នៃវិទ្យាស្ថានសន្តិសុខជាតិ កូរ៉េខាងត្បូងបានលើកឡើងថា «ប្រទេសកូរ៉េខាងជើង ប្រហែលជាព្យាយាមស្វែករកកិច្ចចរចាជាមួយនឹងសហរដ្ឋអាមេរិក នៅពេលដែលប្រទេសកុម្មុនិស្តមួយនេះសម្រេចការធ្វើតេសត្តនុយក្លេអ៊ែរ ហើយឈានដល់ដំណាក់កាលនៃការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ។ នៅដើមឆ្នាំ២០១៧ ឆាប់ៗខាងមុខនេះ ទីក្រុងព្យុងយ៉ាង ទំនងជានឹង បំផ្ទុះសាកល្បងនូវគ្រាប់នុយក្លេអ៊ែរជាថ្មីម្តងទៀត និងបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដើម្បីបញ្ជាក់ថាប្រទេសខ្លួន ជាមហាអំណាចមួយនៃអាវុធនុយក្លេអ៊ែរនៅលើពិភពលោក»។
ជាមួយគ្នានេះដែរលោក Cheong Seong-chang នៃវិទ្យាស្ថាន Sejong ក៏បានឲ្យដឹងដែរថា ភាគរយគឺខ្ពស់ណាស់ដែលកូរ៉េខាងជើង នឹងធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទី០៦ ឬក៏បាញ់មីស៊ីលផ្លោង នៅមុនពេលរដ្ឋាភិបាលថ្មីរបស់លោក ដូណាល់ ត្រាំ ចូលដឹកនាំសហរដ្ឋអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយនេះ ហើយទីក្រុងព្យុងយ៉ាង អាចនឹងបន្តបង្ករឿងថែមទៀត នៅមុនខួបកំណើតទី ៧៥ឆ្នាំ នៃអតីតមេដឹកនាំប្រទេសលោក គីម ជុងអ៊ីល នៅថ្ងៃទី១៦ ខែកុម្ភៈ ឬនៅមុនខួបទី១៥០ឆ្នាំ នៃបិតាស្ថានិករបស់របបដឹកនាំទីក្រុងព្យុងយ៉ាងលោក គីម អ៊ីលស៊ុង នៅថ្ងៃទី១៥ ខែមេសា។
គួរបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទីបួន និងទីប្រាំរបស់ខ្លួនកាលពីខែមករា និងកញ្ញាកន្លងទៅ ហើយបានបាញ់ មីស៊ីលផ្លោងប្រមាណ ២០គ្រាប់ដោយគិតត្រឹមក្នុងអំឡុងឆ្នាំ២០១៦ នេះតែប៉ុណ្ណោះដើម្បីសម្រេចឆ្ពោះទៅរកការអភិវឌ្ឍមីស៊ីលផ្លោង បំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរដែលមានសមត្ថភាពបាញ់ដល់ទឹកដី នៃសហរដ្ឋអាមេរិកឲ្យខាងតែបាន៕