(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសម្ដែងក្ដីព្រួយបារម្ភ ក៏ដូចជាគូសបញ្ជាក់ថា ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្បែរព្រំដែនប្រទេសប៉ូឡូញ នឹងធ្វើឱ្យអឺរ៉ុបទំាងមូលអស្ថេរភាព ហើយដែលការលើកឡើងបែបនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងមូស្គូអះអាងថា នឹងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល S-400 និងមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទ Iskander ជាការឆ្លើយតបនឹងការពង្រីកឥទ្ធិពលរបស់អង្គការ NATO នៅក្នុងតំបន់អឺរ៉ុបខាងកើតត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអង់គ្លេស The Independent នៅល្ងាចថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអ្នកនាំពាក្យក្រសួងការបរទសអាមេរិក លោក John Kirby បាននិយាយថា «រុស្ស៊ីបានបង្កើនការគំរាមកំហែងតាមរយៈបង្វែទិសដៅ ដាក់ពង្រាយមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទ Iskander ឆ្ពោះទៅកាន់ទីក្រុង Kaliningrad នារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងការពិតនៃការចលនាផ្លាស់ប្ដូរនៅអឺរ៉ុប ដែលគ្មានចាំបាច់អ្វីទាល់តែសោះរហូតដល់ថ្នាក់ប្រើវិធានការយោធាបែបនេះ។ ដូច្នេះយើងស្នើឱ្យរុស្ស៊ីជៀសវាងការធ្វើសកម្មភាពឬការប្រើពាក្យពេចន៍ទាំងឡាយណា ដែលមិនចូលរួមចំណែកលើកកម្ពស់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់»។
គួរបញ្ជាក់ថាកាលដើមខែវិច្ឆិកា កន្លងទៅ កងទ័ពអង្គការ NATO ប្រមាណជា ៣០០,០០០នាក់ ត្រូវបានដាក់ឱ្យនៅក្រោមការប្រុងជើងការខ្ពស់ នៅក្នុងបរិបទនៃភាពតានតឹងរវាង ទីក្រុងមូស្គូ និងបណ្ដាប្រទេសនៅតំបន់ដែនសមុទ្របាល់ទិចនៃអឺរ៉ុបខាងជើង។ ជាងនេះទៅទៀតនៅក្នុងខែតុលា អង្គការ NATO បានសន្យាថានឹងបញ្ជូនកងទ័ព ៤,០០០នាក់ ទៅ កាន់តំបន់ក្បែរព្រំដែនរុស្ស៊ី ខណៈរុស្ស៊ីផ្ទាល់ព្រមានថានឹងចាត់វិធានការរួមមានទាំងយោធា នៅក្នុងករណីមាន ការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន៕