(អាមេរិក)៖ នាយកប្រតិបត្តិ និងប្រមុខដឹកនាំរបស់បណ្តាញសារព័ត៌មាន និងទូរទស្សន៍ធំៗចំនួន ៥ នៅសហរដ្ឋអាមេរិកក្នុងនោះរួមមានទាំង CNN ផងដែរ ត្រូវបានលោក ដូណាល់ ត្រាំ អនាគតប្រធានាធិបតីអាមេរិក អញ្ជើញទៅកាន់មហាវិមានត្រាំ (Trump Tower) នៅដើមសប្តាហ៍នេះ រួចក៏បានធ្វើការស្តីបន្ទោស ជាចង្កោមតែម្តង ជាពិសេសទៅលើបណ្តាញទូរទស្សន៍ CNN ដែលផ្សាយព័ត៌មានលំអៀងខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយរបស់សារព័ត៌មាន Daily Mail នៅរសៀលថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
សារព័ត៌មាន Daily Mail បានឲ្យដឹងថា លោក ត្រាំ បានលើកឡើងអំពីការគ្រប់គ្រងព័ត៌មានពីសំណាក់ស្ថាប័ននានាខាងលើនេះ ហើយក្នុងនោះ នៅបានបង្ហើបទៀតថា លោក ត្រាំ បានរិះគន់ខ្លាំងជាងគេទៅលើ CNN។ លោក ត្រាំ បានទាមទារឲ្យសារព័ត៌មានធំៗទាំងនេះ «ផ្សព្វផ្សាយពីភាពរីកចំរើនពិតប្រាកដ» នៅក្នុងអំឡុង ពេលនៃការដឹកនាំរបស់រដ្ឋាភិបាលរបស់លោក នៅថ្ងៃអនាគតតែម្តង។
សូមជំរាបថា អ្នកចូលរួមប្រជុំទាំងអស់បានចំណាយពេលមួយម៉ោង ស្តាប់ការលើកឡើងរបស់លោក ត្រាំ និងមានសិទ្ធិសួរសំនួរទៅលោកផងដែរ ប៉ុន្តែសម្រាប់ ខ្លឹមសារនៃកិច្ចប្រជុំសម្ងាត់នេះ ត្រូវបានអនាគតប្រធានាធិបតីរូបនេះស្នើអ្នកចូលរួមទាំងអស់ មិនឲ្យសរសេរ ឬផ្សព្វផ្សាយប្រាប់អ្នកក្រៅឡើយ។ សម្រាប់អ្វីដែលគ្រប់គ្នាដឹងនោះ គឺស្ថាប័នដែលលោក ដូណាល់ ត្រាំ ហៅមកស្តីបន្ទោសនោះសុទ្ធសឹងតែជាបណ្តាញសារព័ត៌មាន ដែលមានទំនោរគាំទ្របំផុតទៅលើ លោកស្រី ហ៊ីលឡារី គ្លីនតុន និងមិនដែលចុះផ្សាយអ្វីល្អពីលោក ដូណាល់ ត្រាំ នោះឡើយទាំងនៅមុន និងក្រោយការបោះឆ្នោត៕