(ហាណូយ)៖ សេដ្ឋវិទូវៀតណាមលោក Tran Hoang Ngan បានលើកឡើងថា គោលនយោបាយថ្មីរបស់លោក ដូណាល់ ត្រាំ នឹងផ្តល់គុណប្រយោជន៍យ៉ាងធំធេងមកដល់ប្រទេសវៀតណាមពោលគឺការលុបចោលនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃភាពជាដៃគូអន្តរប៉ាស៊ីក (TPP) នឹងបើកឱកាសដ៏ទូលាយឲ្យវិស័យកសិកម្មវៀតណាមរីកលូតលាស់ឡើងវិញ និងអនុញ្ញាតឲ្យវិស័យកាត់ដេរកាន់សកម្មជាងមុនថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍ក្រៅផ្លូវការមួយជាមួយសារព័ត៌មាន Pioneer ក្នុងកិច្ចប្រជុំមហាសន្និបាតជាតិលើកទី១៤ លោក Ngan ដែលមានតួនាទីជាអនុប្រធានសភាជាតិផងដែរនោះបានសង្កត់ធ្ងន់ថា នៅក្នុងករណីដែលកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ត្រូវបានផ្អាកឬលុបចោល ប្រទេសវៀតណាមនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងស្រុករបស់ខ្លួន ដោយវិស័យកសិកម្មនៅក្នុងប្រទេសនឹងមានឱកាសគ្រប់គ្រាន់ក្នុងការធ្វើកំណែទម្រង់ ដើម្បីឈានទៅរកផលិតកម្មទ្រង់ទ្រាយធំនិងប្រកបដោយភាពស្ទាត់ជំនាញ។
ប៉ុន្តែខណៈពេលដែល TPP អាចផ្តល់សារៈប្រយោជន៍ដល់វិស័យមួយចំនួន វាក៏បាននាំជះផលអវិជ្ជមានទៅលើវិស័យដទៃៗទៀតផងដែរ តួយ៉ាងវិស័យកាត់ដេរ ដែលប្រទេសវៀតណាមទទួលបានគុណប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់នោះ ក៏នឹងទទួលរងផងប៉ះពាល់មួយចំនួនតូចផងដែរ។
គួរបញ្ជាក់ថានៅក្នុងសារវីដេអូខ្លីមួយលោក ត្រាំ បានសន្យាថានឹងលុបចោលកិច្ចព្រមព្រៀងនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក TPP ដែលជាយុទ្ធសាស្ត្រសេដ្ឋកិច្ចមួយរបស់លោក បារ៉ាក់ អូបាម៉ា ឆ្ពោះមកកាន់ទ្វីបអាស៊ី និងមាន ១២ប្រទេសចូលរួម នៅថ្ងៃដំបូងដែលលោកក្លាយជាប្រធានាធិបតីអាមេរិកថ្មីជាផ្លូវការ៕