(សេអ៊ូល)៖ កូរ៉េខាងត្បូង និងជប៉ុននៅថ្ងៃពុធនេះបានយល់ព្រមចុះហត្ថលេខាហើយ នៅក្នុងទីក្រុងសេអ៊ូល លើកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់យោធា ឬហៅកាត់ថា GSOMIA ក្នុងគោលបំណងទប់ស្កាត់ការវាយប្រហារជាយថាហេតុណាមួយពីសំណាក់កូរ៉េខាងជើង បើទោះជាមានការជំទាស់ពីគណបក្សប្រឆាំង និងការប្រឈមមុខភាពជូរចត់នៃប្រវត្តិសាស្ត្ររវាងប្រទេសទំាងពីរក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
កិច្ចព្រមព្រៀង GSOMIA ត្រូវបានធ្វើឡើងក្នុងរយៈពេលជិតមួយខែ បន្ទាប់ពីទីក្រុងសេអ៊ូល និងទីក្រុងបតូក្យូ ផ្ដើមបើកកិច្ចចរចាឡើងវិញនៅថ្ងៃទី២៧ ខែតុលា ក្រោយផ្អាកអស់រយៈពេល ៤ឆ្នាំ និងមានការអនុម័តពីប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ កាលពីថ្ងៃអង្គារម្សិលមិញ។ ដោយឡែក អនុឡោមតាមកិច្ចព្រមព្រៀងនេះដដែលភាគីទំាងពីរ នឹងចែករំលែកព័ត៌មានសម្ងាត់យោធាពាក់ព័ន្ធនឹងកូរ៉េខាងជើងដោយផ្ទាល់ឱ្យគ្នាទៅវិញទៅមក ប៉ុន្តែមិនត្រូវឱ្យភាគីទីបីដឹងនោះឡើយសូម្បីតែសហរដ្ឋអាមេរិក។
«បើសិនជាយើងអាចទទួលបានព័ត៌មានយោធាស្ដីពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉ខាងជើងពីសហរដ្ឋអាមេរិក និងជប៉ុនក្នុងពេលតែមួយ នោះវានឹងអាចធ្វើឱ្យកាន់តែប្រសើរឡើងសមត្ថភាពយោធារបស់យើងប្រឈមមុខនឹងការគំរាមកំហែងពីទីក្រុងព្យុងយ៉ាង»។ នេះបើតាមអ្វីដែលបានលើកឡើងក្នុងសេចក្តីថ្លែងការនៃក្រសួងការពារជាតិកូរ៉េខាងត្បូង។
គួរបញ្ជាក់ថាកូរ៉េខាងជើងបានជំទាស់យ៉ាងខ្លំាងទៅនឹងកិច្ចព្រមព្រៀង GSOMIA ដោយចាត់ទុកថាជាអំពើក្បត់ដ៏អាក្រក់ និងជាកិច្ចព្រមព្រៀងឆ្កួតលីលា ដែលត្រូវបានធ្វើឡើង គ្រាន់តែចង់បង្វែរការយកចិត្តទុកដាក់របស់ប្រជាជនកូរ៉េខាងត្បូង ឱ្យងាកចេញពីរឿងអាស្រូវលោកស្រី ផាក គឺនហេ តែប៉ុណ្ណោះ។ លើសពីនេះទៅទៀតកូរ៉េខាងជើងក៏បានបរិហាផងដែរថា កូរ៉េខាងត្បូងសុខចិត្តសហការជាមួយនឹងអតីតសត្រូវចាស់(ជប៉ុន) ដើម្បីខ្ទប់ដង្ហើមជនរួមជាតិនៅកូរ៉េខាងជើង៕